កន្លែងកម្សាន្តទាំង៤ គួរជាទីមនោរម្យក្នុងខេត្តមណ្ឌលគីរី

អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត ក្រោមប្រធានបទៈ “កន្លែងកម្សាន្តទាំង៤ គួរជាទីមនោរម្យក្នុងខេត្តមណ្ឌលគីរី" 
អត្ថបទដកស្រង់ដោយ :  ជី សុខវ៉ាន់
#MJQE #AmericanInterconSchool 

ខេត្តមណ្ឌលគីរី ជាខេត្តស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនរួមមាន ទឹកជ្រោះ សត្វព្រៃ និងភ្នំតូច-ធំ។ អ្វីដែលកាន់តែពិសេសនៅក្នុងខេត្តនេះគឺមានអាកាសធាតុល្អ និងផ្លូវស្អាត គួរជាទីទាក់ទាញអ្នកធ្វើដំណើរ។ ក្នុងចំណោមរមណីយដ្ឋានទាំងនោះរួមមាន រមណីដ្ឋាន៤កន្លែងដែលជាទីមនោរម្យក្រៃលែង៖

១. ទឹកធ្លាក់រម្យនា : 
ទឹកធ្លាក់រម្យនា ជាកន្លែងកម្សាន្តដ៏រីករាយមួយដែលពេលភ្ញៀវជាតិ និងអន្តរជាតិទៅដល់ទីនោះប្រាកដជាចម្លែកអារម្មណ៍នឹងសំឡេងពីរខុសគ្នាពោលគឺសំឡេងទឹកធ្លាក់ និងសំឡេងវារីអគ្គិសនីលាយបញ្ចូលគ្នាក្នុងពេលតែមួយ។ នៅជាប់ទឹកធ្លាក់នោះមានវារីអគ្គិសនីខ្នាតតូចមួយដែលអាចបម្រើដល់អ្នកភូមិនៅទីនោះបានខ្លះផងដែរ។

២.  ភ្នំអណ្ដូងស្នេហ៍ : 
ភ្នំមួយនេះ ទាំងស័ក្ដិសិទ្ធិ ថែមទាំងមានទេសភាពស្អាត គឺភ្នំអណ្ដូងស្នេហ៍ មានទីតាំងក្នុងភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ បើតាមចាស់ៗបានប្រាប់តៗគ្នាថា ទាល់តែអ្នកមានស្នេហ៍ពិតទើបអាចរកអណ្ដូងនោះឃើញ។ អ្នកស្រុកមានជំនឿថា ទីនេះជាកន្លែងស័ក្ដិសិទ្ធិ បើអ្នកមិនទាន់មានស្នេហ៍ស្មោះទេ គឺច្បាស់ជារកអណ្ដូងនោះមិនឃើញឡើយ។

៣. សមុទ្រឈើ : 
សមុទ្រឈើ ដែលស្ថិតនៅភូមិឡៅកា ឃុំសុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាកន្លែងដែលមានទេសភាពស្រស់ត្រកាល ដោយអាចមើលព្រៃឈើដ៏សែនក្រាស់ដាច់កន្ទុយភ្នែកជាប់ជើងមេឃប្រៀបដូចជាសមុទ្រពណ៌បៃតង។ ភ្ញៀវទេសចរមិនសូវរំលងតំបន់នេះទេ ព្រោះវាពិតជាមានទេសភាពស្រស់ស្អាតណាស់ ជាពិសេសគឺពេលថ្ងៃរះ និងថ្ងៃលិច។ ជាមួយនឹងអាកាសធាតុត្រជាក់ដ៏រ៉ូមែនទិចនេះគឺអំណោយទានសម្រាប់គូស្នេហ៍ក្នុងការសាសង ឬលក្ខណៈគ្រួសារក៏ទទួលបានអារម្មណ៍រីករាយប្លែកផងដែរ។

៤. ដើមជ្រៃយក្ស នៅទឹកធ្លាក់ជ្រៃធំ : 
ពេលធ្វើដំណើរទៅកម្សាន្តនៅទឹកធ្លាក់ជ្រៃធំក្នុងខេត្តមណ្ឌលគិរី លោកអ្នកប្រាកដជាចាប់អារម្មណ៍ខ្លាំងនឹងដើមជ្រៃយក្សមួយដើមដែលមានអាយុកាលរាប់រយឆ្នាំ និងមានបែកមែកធំៗគួរជាទីគយគន់ពេកក្រៃ។ នៅចម្ងាយពីដើមជ្រៃយក្សប្រហែលជា២០ម៉ែត្រមានទឹកធ្លាក់បែកសំពោងដែលទីនេះហៅថា ទឹកធ្លាក់ជ្រៃធំ។ វាមានទីតាំងនៅឃុំដាក់ដាំ ស្រុកអូររាំងដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ ដើម្បីទៅដល់ទីនោះ លោកអ្នកអាចធ្វើដំណើរដោយរថយន្តក៏បាន ឬម៉ូតូក៏បា៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://news.sabay.com.kh/article/1182516

ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤

អត្ថបទទាក់ទង