ពិធីកាត់សក់បង្កក់សិរីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណីក្រោមប្រធានបទ “ពិធីកាត់សក់បង្កក់សិរីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ”
អត្ថបទដកស្រង់ដោយ : នឹម សុនីតា
#MJQE #AmericanInterconSchool 

ពីធីកាត់សក់ ជាពិធីមួយត្រូវបានគេប្រារព្ធរៀបចំឡើងនៅចន្លោះពីម៉ោង៩ ទៅម៉ោង១០ព្រឹក បន្ទាប់ពីពិធីហែកំណត់បានប្រារព្ធធ្វើរួចរាល់។ ពិធីនេះ គេអាចប្រារព្ធធ្វើសរុបក្នុងពេលតែមួយបាន រីឯការ អង្គុយ គឺដូចសូត្រមន្តដែរ តែមិនត្រូវឱ្យអ្នកកំដរអង្គុយស្មើនឹងសាមីខ្លួនអ្នករៀបការទេ ត្រូវឱ្យឪពុក ម្ដាយកូនស្រីឡើងកាត់ឱ្យកូនស្រីមុន រួចចាំឪពុកម្ដាយខាងប្រុសកាត់ឱ្យកូនប្រុសជាបន្ទាប់ ដាច់ខាតម្ដាយជាអ្នកកាត់មុនឪពុក។ 

ចំពោះអាពាហ៍ពិពាហ៍បច្ចុប្បន្នដែលប្រារព្ធត្រឹមតែ១ព្រឹកពិធីកាត់សក់នេះគ្រាន់តែរៀបជាពិធី មិនបានធ្វើតាមប្រពៃណីខ្មែរច្បាស់លាស់។ តាមទំនៀម មុននឹងកាត់សក់លោកមហាត្រូវឡើងស្នើសុំលោកមេបាជាមុនសិន។ លុះទទួលបានការអនុញ្ញាតហើយ ទើបលោកមហារៀបចំពិធីកាត់សក់។ មុននឹងកាត់សក់កូនប្រុសស្រី គេត្រូវយកបារី៥ ម្លូ៥ ស្លា៥ ទៅជូនមាតាបិតា និងចាស់ទុំពិសារួចថ្វាយបង្គំសុំខមាទោស និងសុំឱ្យលោកជួយកាត់សក់សម្អិតសម្អាងដូចកាលនៅក្មេងដើម្បីឱ្យមានសេចក្ដីសុខចម្រើន។ គេធ្វើពិធីកាត់សក់ ដើម្បីជម្រះចិត្តកាយ ដែលធ្លាប់ខិលខូចពីកំលោះ។ មានន័យថាចង់ឱ្យលះបង់រាល់អ្វីៗ ដែលបានជាប់ជំពាក់មិនជ្រះស្រឡះពីមុនមក ព្រោះពេលនេះអ្នកមានគូស្រករហើយមិននៅម្នាក់ឯងដូចពីមុនទៀតទេ។ គេកាត់សក់ជម្រះគ្រោះចង្រៃ ហើយនាំមកនៅបវរសួស្តីសិរីមង្គលដល់គូស្វាមី ភរិយាថ្មី។ អ្នកចូលរួមក្នុងពិធីនេះរួមមានលោកអាចារ្យ មេបា ឪពុកម្តាយ ញាតិមិត្ត បងប្អូន អ្នកកំដរ កូនប្រុសស្រីសាមីខ្លួនទាំងពីរ ក្រុមភ្លេង ព្រមទាំងអ្នកស្រុកភូមិជាច្រើនទៀតទស្សនាកម្សាន្ត។ នៅក្នុងពិធីនេះគេនាំយកកន្ត្រៃមាស ក្រាស់ប្រាក់មកកាត់សក់កូនប្រុសស្រីឱ្យមានសិរីសួស្តី សុភមង្គល វិបុលសុខ និងចម្រុងចម្រើនតទៅ។ អ្នកចម្រៀងទាំងពីរលេងកំប្លែងខ្លះ ដើម្បីបង្កភាពសប្បាយរីករាយសម្រាប់អ្នកទស្សនាផងដែរ។ គេលក់កន្ត្រៃមាស ក្រាស់ប្រាក់ដល់ខាងស្រីបញ្ជាក់ថាបើកាត់កូនប្រុស នឹងបានជាឧត្តមមន្ត្រី បើកាត់កូនស្រី នឹងបានជាជំទាវធំ។ ជាងនេះទៅទៀតកន្ត្រៃមាស នឹងកាត់បានមាស ក្រាស់ប្រាក់ នឹងសិតបានប្រាក់ ហេតុនេះហើយទើបក្នុងពិធីកាត់សក់ គេតែងពាក់ចិញ្ចៀនមាស ខ្សែកមាស ឬលុយលើក្បាលកូនប្រុសស្រី ដើម្បីបញ្ជាក់បញ្ហានេះ។ កូនកំលោះ អង្គុយខាងស្តាំពាក់អាវកត្រង់ និងសំពត់ចងក្បិន រីឯកូនក្រមុំអង្គុយខាងឆ្វេងស្លៀកសំពត់ចងក្បិនអាវមិនកំណត់ (អាស្រ័យអ្នកសម្អាងដែលត្រូវស្លៀកឱ្យសមនឹងសំពត់)។ ចំណែកអ្នកកំដរអង្គុយនៅពីក្រោយកូនកំលោះកូនក្រមុំរៀងៗខ្លួន ហើយស្លៀកតាមបែបបទដូចកូនកំលោះ និងកូនក្រមុំដែរ។ 

ក្នុងពិធីកាត់សក់នេះ ក្រុមភ្លេងលេងបទមួយចំនួនដូចជា បទលោមនាង (លេងជាកិច្ចចាប់ផ្ដើមពិធី និងដើម្បីហៅកូនប្រុសស្រីមកកាត់សក់) បទសារិកាកែវ ត្រពាំងពាយ អុំទូកបណ្ដែត កន្ទោង កន្សែងក្រហម (ដើម្បីជូតអស់មន្ទិល) និងបទសំពៅថយ។ តាមទំនៀម អាចារ្យជាអ្នកកាត់សក់កូនប្រុស ស្រីមុនគេ ដោយមានការឱ្យធម៌ផង។ បន្ទាប់មក គឺមាតាបិតាកូនប្រុសស្រី ចាស់ទុំ មីងមា បងប្អូន ជាលំដាប់បន្តបន្ទាប់គ្នា។

ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤

អត្ថបទទាក់ទង