ប្រធានផ្នែករដ្ឋបាលសាលារៀន សាខាតាកែវ
ជម្រាបសួរមាតាបិតា ឬអ្នកអាណាព្យាបាលជាទីគោរព!
សួស្តីប្អូនៗសិស្សានុសិស្សជាទីរាប់អាន!
ខ្ញុំបាទឈ្មោះ ជុំ ប៊ុន្នី មានតួនាទីជា ប្រធានផ្នែករដ្ឋបាលសាលារៀន សាខាតាកែវ។ ផ្នែករដ្ឋបាលសាលារៀន គឺជាផ្នែកមួយដែលតែងតែចូលរួមចំណែកក្នុងការបំពេញរាល់សេវាកម្មទូទៅសម្រាប់ការសិក្សារៀនសូត្រ និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ ជាងនេះទៅទៀត សម្រាប់ផ្នែកនេះតែងតែរៀបចំរាល់ឯកសារសិស្ស ពិន្ទុ និងឯកសារផ្សេងៗជាមួយនិងការិយាល័យអប់រំខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាមួយដែលមានការទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា។ សាលារៀនអន្តរទ្វីប អាមេរិកាំង មានគោលជំហរយ៉ាងរឹងមាំទៅលើវិស័យអប់រំ នៅរាជធានីភ្នំពេញ និងបានបន្តពង្រីកសាខាបន្ថែមទៀតទៅតាមខេត្តក្រុងនានាទូទាំងប្រទេស។ អ្វីដែលជាទំនុកចិត្តសម្រាប់ មាតាបិតា និងអ្នកអាណាព្យាបាលសិស្សានុសិស្សនោះគឺ គុណភាព វិន័យ និងសេវាកម្ម។ ចំពោះគណៈកម្មការសាលារៀនវិញ តែងតែយកចិត្តទុកដាក់ក្នុងការចម្រាញ់យក លោកគ្រូ អ្នកគ្រូ ដែលមានវិជ្ជាជីវៈ គរុកោសល្យ និងបទពិសោធន៍ល្អៗទៅតាមមុខជំនាញ។ សម្រាប់បន្ទប់សិក្សា បានបំពាក់ទៅដោយឧបករណ៍ ទំនើបៗ បណ្ណាល័យធំទូលាយ ដែលមានអនាម័យប្រកបដោយផាសុកភាព។ សាលារៀន អន្តរទ្វីប អាមេរិកាំងបានបញ្ចូលកម្មវិធីជាច្រើនសម្បូរបែបដើម្បីឱ្យសិស្សានុសិស្សបានចូលរួមប្រកួតប្រជែងដកស្រង់សមត្ថភាព ជួយឱ្យសិស្សកាន់តែមានភាពក្លាហានមានភាពជាម្ចាស់ការលើខ្លួនឯង និងអាចយល់ដឹងពីមជ្ឈដ្ឋានខាងក្រៅបានទូលំទូលាយ។ គ្រប់កម្មវីធីទាំងអស់បង្កើតឡើងក្នុងគោលបំណង ឱ្យសិស្សានុសិស្សទទួលបាននូវចំណេះដឹង និងអាចយកទៅអនុវត្តបានយ៉ាងពិតប្រាកដ។
ក្នុងនាមខ្ញុំបាទជាបុគ្គលិកដែលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ដែលបានគាំទ្រ និងផ្ញើទំនុកចិត្តខ្ពស់មកលើសាលា។ ខ្ញុំបាទសូមជូនពរដល់មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ឱ្យមានសុខភាពល្អ ប្រកបដោយភាពជោគជ័យភារកិច្ច។
សូមអរគុណ!
ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២