ខេត្តបាត់ដំបងក្នុងសម័យលោកម្ចាស់

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រវត្តិសាស្រ្ត ក្រោមប្រធានបទ “ខេត្តបាត់ដំបងក្នុងសម័យលោកម្ចាស់”
អត្ថបទដកស្រង់ដោយ : អ៊ី ប៊ុនលី
#MJQE #AmericanInterconSchool

បើយោងតាមសៀវភៅ «បាត់ដំបងសម័យលោកម្ចាស់» ខេត្តបាត់ដំបង ស្ថិតក្រោមអំណាចសៀមអស់រយៈជាងមួយសតវត្ស ចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧។ សម័យនោះត្រួតត្រាដោយគ្រួសារស្ដេចត្រាញ់ខ្មែរ «ចៅហ្វាបែន» ដែលក្រោយមកគេប្ដូរឈ្មោះថា «ត្រកូលអភ័យវង្ស»។ គ្រួសារនេះបានត្រួតត្រាខេត្តបាត់ដំបង និងខេត្តសៀមរាបអស់រយៈពេលជាង១សតវត្ស ហើយតំណែងនេះបានបន្តរហូតដល់កូនចៅនៃគ្រួសារនេះទៀតផង។ នៅឆ្នាំ១៨៦៣ ប្រទេសកម្ពុជាក៏បានធ្លាក់ក្រោមអាណាព្យាបាលបារាំងដែរ ខណៈសៀមកំពុងគ្រប់គ្រងខេត្តបាត់ដំបង។ ខេត្តបាត់ដំបង កាលនោះមានស្រុកតែ៤ទេ គឺស្រុកបាត់ដំបង ស្រុកមោងឫស្សី ស្រុកមង្គលបុរី និងស្រុកស្រែអន្ទាក់។ សៀវភៅដដែលសរសេរថា បាត់ដំបងជាតំបន់ទំនាបល្បាប់ប្រកបដោយជីវជាតិ លាតសន្ធឹងពីទិសអាគ្នេយ៍ទៅពាយ័ព្យ។ នៅខាងនរតីមានជួរភ្នំខ្ពស់ៗដែលគេហៅថា ជួរភ្នំក្រវាញមានឈ្មោះល្បីដោយសារតែសំបូរដើមក្រវាញ ដែលគេត្រូវការទិញយកទៅធ្វើថ្នាំកែរោគផ្សេងៗ។ អ្នកស្រុកនៅទីនោះប្រកបមុខរបរបេះក្រវាញលក់ គេហៅថា «ពួកសួយក្រវាញ»។ ស្ទឹងសង្កែ គឺជាស្ទឹងដ៏សំខាន់ហូរកាត់ទីប្រជុំជនបាត់ដំបង។ ស្ទឹងសង្កែមានប្រភពនៅភ្នំទឹកព្រិល ជាភ្នំខ្ពស់មួយនៅតំបន់ប៉ៃលិនដែលគេហៅថា «ស្រុកលើ» និងមានប្រភពទឹកតូចៗជាច្រើនហូរចូលស្ទឹងនេះ។ ខេត្តបាត់ដំបងមានតំបន់ប្រវត្តិសាស្ត្រជាច្រើនដែលពាក់ព័ន្ធក្នុងសម័យលោកម្ចាស់ និងមុនសម័យលោកម្ចាស់ នេះបើយោងតាមឯកសារនានា។ គ្រួសារ «ចៅហ្វាបែន ឬត្រកូលអភ័យវង្ស» បានគ្រប់គ្រងខេត្តបាត់ដំបងអស់រយៈពេលជាង១សតវត្ស គឺចាប់ពីលោក កថាថន ញ៉ុញ បន្តដល់កូនប្រុសគឺលោក កថាថន ឈុំ។ អ្នកស្រុកបាត់ដំបងនាសម័យនោះហៅលោក កថាថន ញ៉ុញ និងលោក កថាថន ឈុំ ថាជា «លោកម្ចាស់»។ ប៉ុន្តែដើម្បីកុំឱ្យច្រឡំគ្នា អ្នកស្រុកហៅលោក កថាថន ញ៉ុញថា «លោកម្ចាស់ព្រះកោដ្ឋ» ដោយសារសពលោកញ៉ុញ ត្រូវគេតម្កល់ទុកក្នុងកោដ្ឋមុនពេលបូជា រីឯលោក កថាថន ឈុំ គេហៅថា «លោកម្ចាស់បស្ចិម» ដោយសារលោកធ្លាប់រស់នៅបស្ចិមបុរីនៃប្រទេសសៀម។
សៀវភៅ «បាត់ដំបង សម័យលោកម្ចាស់» សរសេរទៀតថា កាលពីជំនាន់ដើម បាត់ដំបងមិនសូវមានមនុស្សប៉ុន្មានទេ។ ផ្ទៃដីមួយភាគធំជាតំបន់ព្រៃ ក្នុងសម័យនោះគេឃើញលោកម្ចាស់តែងចេញទៅបរបាញ់សត្វ នៅតំបន់អូរស្រឡៅ និងនៅរាំងកេសី ដែលជាវាលស្បូវដ៏ធំធេង (ស្រុកសង្កែបច្ចុប្បន្ន)។ មនុស្សជំនាន់ដើម ភាគច្រើនតែងប្រមូលផ្ដុំគ្នារស់នៅតាមដងស្ទឹងសង្កែ តែមានតិចតួចរស់នៅតាមដងស្ទឹងមោងឫស្សី និងស្ទឹងមង្គលបុរី រីឯភូមិឋានដែលនៅឆ្ងាយពីដងស្ទឹង មានតែភូមិកំពង់ព្រះ និងភូមិគាស់ក្រឡប៉ុណ្ណោះ។


នៅក្នុងឆ្នាំ១៨៨៤ អ្នកប្រាជ្ញជនជាតិបារាំងម្នាក់ គឺលោកប្រ៊ីយាង ដែលបានមកដល់បាត់ដំបង បានសន្និដ្ឋានថា ប្រជាជននៅខេត្តបាត់ដំបងក្នុង «សម័យលោកម្ចាស់» មានប្រហែល១០ម៉ឺននាក់ប៉ុណ្ណោះ តែនេះមិនមែនជាការសន្និដ្ឋានតាមរយៈការធ្វើជំរឿនទេ។ នៅក្នុងឯកសារសរសេរថា ក្នុងសម័យលោកម្ចាស់ ប្រជាជននៅក្នុងបាត់ដំបង បានបែងចែកជា៣វណ្ណៈ គឺវណ្ណៈអភិជន វណ្ណៈរាស្ត្រសាមញ្ញ និងវណ្ណៈទាសករ។ សម័យនោះ គេបានចាត់ទុកចិន និងយួន ជាជនបរទេស រីឯសៀម និងកូឡា គេចាត់ទុកថា ជាជនជាតិជាមួយគ្នា។ ប៉ុន្តែសៀមដែលមានគំនិតទុច្ចរិតបានបោកប្រាស់ខ្មែរថា លាវ និងមនជាបងប្អូនគ្នាមានសាច់ឈាមកំណើតតែមួយ។

ប្រវត្តិសាស្ត្របានបង្ហាញថា នៅឆ្នាំ១៩០៧ បាត់ដំបងជាទីប្រជុំជនតូចមួយមានផ្លូវមួយខ្សែស្របតាមដងស្ទឹង ហើយអ្នកស្រុកបានសង់លំនៅឋានរកេតរកូតតាមដងផ្លូវនេះ។ គេបានបែងចែកទីក្រុងបាត់ដំបង ជា២សង្កាត់ក្នុងសម័យនោះ គឺសង្កាត់មុខកំផែង និងសង្កាត់ស្វាយប៉ោ។ 

សំណង់ក្នុងសម័យលោកម្ចាស់ដែលស្ថិតក្រោមអាណានិគមបារាំងស្ទើរទាំងអស់បានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ។  សំណង់មួយចំនួនមានអាយុកាលជាង៣០០ឆ្នាំកន្លងមកហើយ ដូចជាវត្តសំរោងក្នុង នៅស្រុកឯកភ្នំជាដើម។ ដោយឡែកសំណង់អគារសាលាខេត្តចាស់ ស្ពានថ្មចាស់ សំណង់ផ្ទះថ្ម នៅក្នុងក្រុងបាត់ដំបងសព្វថ្ងៃ ផ្ទះបុរាណនៅភូមិវត្តគរ និងព្រះវិហារជាច្រើនទៀត សុទ្ធតែមានអាយុជាង១០០ឆ្នាំ។ សំណង់ទាំងនេះសុទ្ធតែធ្វើពីប្រភេទឈើប្រណីត និងថ្មបាយអរ ដែលផ្សំឡើងពីវត្ថុធាតុដើមបីប្រភេទដូចខាងលើនេះ ហើយសំណង់ទាំងនេះ នៅតែបង្ហាញពីភាពរឹងមាំនៅឡើយមកដល់សព្វថ្ងៃ។ សំណង់បុរាណជាង៨០០កន្លែងដែលជាកេរ្តិ៍ដំណែលក្នុង  «សម័យលោកម្ចាស់» ហើយកំពុងឈរស្កឹមស្កៃនៅក្នុងទីក្រុងបុរាណនាបច្ចុប្បន្ននេះ  ត្រូវគេចាត់ទុកថាជាសំណង់បេតិកភណ្ឌ ដែលអាជ្ញាធរកំពុងអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុត។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានហៅទីក្រុងវ័យចំណាស់មួយនេះថា ជាទីក្រុងបុរាណ ឬទីក្រុងបេតិកភណ្ឌ ដែលកំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង។ មិនត្រឹមតែជាសំបុកកំណប់ទ្រព្យបុរាណទេ ខេត្តបាត់ដំបងត្រូវគេចាត់ទុកថា ជាខេត្ត «ជង្រុកស្រូវ» ដ៏ធំបំផុតនៅក្នុងព្រះរាជាណាចកម្ពុជា និងជាខេត្តដែលមានសក្តានុពលផ្នែកកសិកម្ម និងឧស្សាហកម្ម។ វិស័យទេសចរណ៍នៅក្នុងខេត្តប្រវត្តិសាស្ត្រមួយនេះគឺជាគោលដៅដ៏ធំបំផុតសម្រាប់ការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលគេចាត់ទុកថា ជាឧស្សាហកម្មគ្មានផ្សែង។

បើចង់អានអត្ថបទនេះឱ្យបានពេញលេញ សូមលោកអ្នកអានសៀវភៅ «បាត់ដំបងសម័យលោកម្ចាស់» 
និពន្ធដោយលោក តូច ឈួង។

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង