បើនិយាយដល់ផ្លែឈើ យើងតែងគិតដល់រសជាតិដ៏ផ្អែមរបស់វា ហើយប្រហែលជាមិនសូវចាប់អារម្មណ៍ពីអត្ថប្រយោជន៍ជាក់លាក់នៃផ្លែឈើនីមួយៗប៉ុន្មានទេ។ ក្នុងអត្ថបទនេះខ្ញុំសូមលើកយកផ្លែឈើ៨មុខ មកចែករំលែកដល់អ្នកទាំងអស់គ្នាបានដឹង ដោយសារតែប្រភេទផ្លែឈើទាំងនេះសុទ្ធសឹងតែល្អសម្រាប់សុខភាពបេះដូង។
១. ប្លូប័រី :
ផ្លែប្លូប័រីមានរសជាតិឆ្ងាញ់ ហើយថែមទាំងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចបន្ថយសម្ពាធឈាម និងការរីកសរសៃឈាម។ ការញ៉ាំផ្លែប្លូប័រីក្នុងបរិមាណប្រហែលមួយកែវ អាចជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង។ យើងក៏អាចយកផ្លែឈើមួយប្រភេទនេះមកច្នៃជាភេសជ្ជៈបានផងដែរ។
២. ផ្លែក្រូចថ្លុង :
ផ្លែក្រូចថ្លុងមានផ្ទុកសារជាតិ flavonoids ខ្ពស់ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ក្រូចថ្លុងក៏មានបរិមាណវីតាមីន C ខ្ពស់អាចបន្ថយហានិភ័យនៃជំងឺបេះដូងផងដែរ។ ក្រូចប្រភេទនេះ ក៏ជាផ្លែឈើដ៏ល្អឥតខ្ចោះសម្រាប់ញ៉ាំជាមួយអាហារផងដែរ។
៣. ផ្លែប៊ឺរ :
ពពួកផ្លែប៊ឺរ គឺជាផ្លែឈើដែលល្អសម្រាប់សុខភាព និងមានរសជាតិឆ្ងាញ់ ហើយវាក៏សម្បូរទៅដោយសារធាតុខ្លាញ់មិនឆ្អែតអាចកាត់បន្ថយកូលេស្តេរ៉ូល ដែលកូលេស្តេរ៉ូលនេះអាចបណ្ដាលឱ្យមានជំងឺបេះដូង។
៤. ផ្លែទទឹម :
ផ្លែទទឹមជាប្រភេទផ្លែឈើដែលមានរសជាតិផ្អែម និងពោរពេញទៅដោយសារធាតុ polyphenols ជួយដល់សរសៃឈាម និងបេះដូងឱ្យមានសុខភាពល្អ។ ការញ៉ាំទឹកផ្លែទទឹមជាប្រចាំវាជួយកាត់បន្ថយកម្រិតសម្ពាធឈាម។
៥. ផ្លែក្រូច :
យើងច្បាស់ជាគិតថាផ្លែក្រូចអាចជួយប្រឆាំងជាមួយជំងឺផ្ដាសាយតែមួយមុខទេ ដោយសារតែវាមានវីតាមីន A B6 និង C តែក្រូចក៏ជួយដល់សុខភាពបេះដូងដោយសារតែសម្បូរទៅដោយជាតិសរសៃ ប៉ូតាស្យូម និង choline។ ប៉ូតាស្យូមជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងរបស់យើង។
៦. ផ្លែគីវី :
ផ្លែគីវីជាផ្លែឈើដែលសម្បូរទៅដោយវីតាមីន C និង E ព្រមទាំងជាប្រភពរបបអាហារមានជាតិសរសៃផងដែរ។ ជាទូទៅអាហារដែលមានជាតិសរសៃខ្ពស់អាចធ្វើឱ្យយើងឆ្អែតបានយូរ និងជួយដល់ការគ្រប់គ្រងសម្ពាធឈាម កូឡេស្តេរ៉ូល និងជាតិស្ករក្នុងឈាម។
៧. ផ្លែប៉ោម :
ផ្លែប៉ោម គឺជាផ្លែឈើដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន សម្បូរជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗជាច្រើន និងមានអត្ថប្រយោជន៍ចំពោះសុខភាពបេះដូង។
៨. ផ្លែក្រូចឆ្មារ :
ក្រូចឆ្មារមានរសជាតិជូរ ប៉ុន្តែវាមានអត្ថប្រយោជន៍មិនចាញ់ក្រូចផ្សេងៗដែរ ដោយសារតែសម្បូរទៅដោយវីតាមីន C និងអាចជួយកាត់បន្ថយសម្ពាធឈាមធ្វើឱ្យបេះដូងមានសុខភាពល្អ។
អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://thmeythmey.com/?page=detail&id=132318
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣