ព្រឹត្តិការណ៍រំលឹកគុណអង្គរ

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្តក្រោមប្រធានបទ “ព្រឹត្តិការណ៍រំលឹកគុណអង្គរ”
អត្ថបទដកស្រង់ដោយ : ប៊ុត សត្យា
#MJQE #AmericanInterconSchool 

អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី «រំលឹកគុណអង្គរ» នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានរយៈពេល១០ថ្ងៃ ដោយចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីចូលរួមអបអរសាទរខួបទី៣១ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះថា ពិធីបុណ្យរំលឹកគុណអង្គរ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយអាជ្ញាធរជាតិអប្សរា បានរៀបចំឡើងក្នុងគោលបំណងសំខាន់បំផុត គឺសម្តែងនូវការដឹងគុណចំពោះបុព្វការីជនគ្រប់ជំនាន់ ដែលបានខិតខំបូជាកម្លាំងកាយចិត្តក្នុងការងារថែរក្សាអង្គរតាំងពីដើមរៀងមកដល់បច្ចុប្បន្ន។ ពិធីដ៏មានសារៈសំខាន់មួយនេះ នឹងកាន់តែធ្វើឱ្យអង្គរមានភាពល្បីរន្ធឺ និងជាទីគោរពបូជាពីសាធារណៈជនទូទៅ ព្រោះថាប្រពលរដ្ឋខ្មែរដែលបានអញ្ជើញមកអង្គរ មិនត្រឹមតែទស្សនាប្រាង្គប្រាសាទឡើយ គឺមកដើម្បីសម្តែងការដឹងគុណ និងបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ ជាពិសេសគឺសុំនូវសេចក្តីសុខសប្បាយពីប្រាសាទអង្គរដែលជាកេរ្តិ៍មរតកពីដូនតាផងដែរ។

នៅក្នុងកម្មវិធីរំលឹកគុណអង្គរ ក្រៅពីពិធីបើកព្រឹត្តិការណ៍ជាផ្លូវការ កាលពីថ្ងៃទី០៧ ខែធ្នូ កន្លងមកនេះ ក៏នឹងមានការតាំងបង្ហាញនូវពិព័រណ៍សមិទ្ធផលនានា អំពីកិច្ចអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរក្នុងពេលកន្លងមករបស់អាជ្ញាធរជាតិអប្សរា។ ហើយក្នុងរយៈពេល១០ថ្ងៃ នៃពិធីរំលឹកគុណអង្គរនេះ ក៏នឹងមានកម្មវិធីសំខាន់ៗជាច្រើនដែលនឹងគាស់កកាយនូវស្នាដៃសិល្បៈប្រពៃណីអរូបិយជាច្រើនទម្រង់      សម្តែងជូនសាធារណៈជនបានទស្សនា និងសិក្សាស្វែងយល់ផងដែរ។ ចំពោះការសម្តែងនូវព្រឹត្តិការណ៍វប្បធម៌ផ្សេងៗមានដូចជា នៅថ្ងៃទី១០ យើងក៏មានរៀបចំនូវក្បួនព្យុហយាត្រាដែលមានសិស្សានុសិស្សចំនួន១,២០០នាក់ ក្រោមទិសស្លោកអរគុណអង្គរ និងអរគុណសន្តិភាព។ ក្បួនព្យុហយាត្រានោះនឹងមានការហែចេញពីប្រាសាទអង្គរវត្ត សំដៅមកក្រុងសៀមរាប ហើយក៏មាននូវកម្មវិធីរាត្រីសមោសរផងដែរ។ ការរៀបចំពិធីរាត្រីចងចាំ ដែលជាផ្នែកមួយយ៉ាងសំខាន់ដែររបស់ពិធីរំលឹកគុណអង្គររបស់យើង ដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅព្រលានជល់ដំរី។ ការសម្តែងល្ខោនមហាជនមាន ដូចជា យីកេរ ល្ខោនពោលបុរាណស្ត្រី ហើយក៏មានល្ខោនល្បែកធំនៅក្នុងកម្មវិធី។ ក្រៅពីនោះទៀត ក៏មានបើកចំហឱ្យសាធារណជនអញ្ជើញទៅទស្សនានៅតាមការដ្ឋានការងារដែលជាទីកន្លែងក្រុមការងារជំនាញជួសជុលប្រាង្គប្រាសាទ ក៏ដូចជាសារមន្ទីរដែលបង្ហាញនូវតឹកតាងប្រវត្តិសាស្ត្រ បង្ហាញនូវសកម្មភាពការងារដែលពាក់ព័ន្ធជាមួយការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ជូនថា ឆ្នាំ២០២៣នេះជាឆ្នាំទី៣ហើយ ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្នុងគោលបំណងសម្តែងនូវការដឹងគុណ ចំពោះអង្គព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ និងបុព្វការីជនទាំងអស់ដែលលោកបានខិតខំកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃនេះ៕

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.cnc.com.kh/detail/news/47708?fbclid=IwAR3ohnaRhjaG9zM_KrPJIUy3hbXqzSOmS9sexZ8japuihnlJ-_IF62xVAEI

ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣

អត្ថបទទាក់ទង