ផលប៉ះពាល់នៃផ្សែងយានយន្ត

អត្ថបទព័ត៌មានស្តីពីសុខភាព និងបរិស្ថាន ក្រោមប្រធានបទ “ផលប៉ះពាល់នៃផ្សែងយានយន្ត” 
អត្ថបទដកស្រង់ដោយ : អ៊ិន ចាន់ដេត
#MJQE #AmericanInterconSchool
១. ប្រភេទនៃការបំពុលខ្យល់ពីយានយន្ត(ភាគល្អិតឧស្ម័នកាបូនមូណូអុកស៊ីត សំណសារធាតុហើរ...) :

កំណើនយានយន្តគ្រប់ប្រភេទនាពេលបច្ចុប្បន្នបានក្លាយជាកង្វល់ដ៏ធំចំពោះបរិស្ថាន ជាពិសេសបរិយាកាសបច្ចុប្បន្នពោរពេញដោយសារធាតុកខ្វក់ ដែលយើងហៅថា កង្វក់អាកាស។ គេកំណត់ថា អាកាសមានមានភាពកខ្វក់ដរាបណាវាផ្ទុកធាតុមិនសុទ្ធ និងធាតុកខ្វក់ (ឧស្ម័នផ្សេងៗ) ច្រើនហួសហេតុ ពេក។ ជាទូទៅប្រភពសំខាន់ៗនៃធាតុកខ្វក់អាកាសបណ្តាលមកពីយានយន្តទាំងឡាយមាន 51% (កាបូនឌីអុកស៊ីត ស៊ុលភួ និងកម្ទេចល្អិតល្អិតៗអណ្តែតក្នុងខ្យល់)  ការដុតចម្អិនអាហារតាមផ្ទះ 16% ឧស្សាហកម្ម 14% សំរាម 4% បន្ទុះភ្នំភ្លើង និងភ្លើងឆេះព្រៃ (សិក្សាសង្គមថ្នាក់ទី១១ ទំព័រ៤៥ និង៤៦)។

ការបំពុលខ្យល់មានប្រភពចេញពីការដុតឥន្ធនៈ តួយ៉ាងប្រេងឥន្ធនៈ ប្រេងម៉ាស៊ូត និងធ្យូង សម្រាប់ការដឹកជញ្ជូន ការប្រើប្រាស់តាមផ្ទះ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងថាមពល។ ការដុតឥន្ធនៈទាំងនេះបានបញ្ចេញផ្សែងពុលចូលទៅក្នុងបរិយាកាសដែលបង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ទៅលើគុណភាពខ្យល់ និងសុខភាពរបស់មនុស្ស។ ក្នុងប្រទេសកម្ពុជា វិស័យដឹកជញ្ជូន ផ្តល់ផលប៉ះពាល់ខ្លាំងទៅលើគុណភាពខ្យល់ ដោយសារកំណើននៃយានយន្ត និងការប្រើប្រាស់ប្រេងឥន្ធនៈ។ នៅក្នុងឆ្នាំ២០១៦ មានយានយន្តជាង ៣,២លានគ្រឿងបានចុះបញ្ជី រួមបញ្ចូលម៉ូតូចំនួន ២,៧លានគ្រឿង ដែលការកើនឡើងនេះស្មើនឹង១៤ភាគរយ បើធៀបនឹងឆ្នាំមុន (កាសែតភ្នំពេញបុស្ដិ៍, ៨ មីនា ឆ្នាំ២០១៦)។

២. ផលប៉ះពាល់សុខភាពដោយសារការបំពុលខ្យល់ពីយានយន្ត :

តាមការសិក្សាស្រាវជ្រាវពីផលអាក្រក់សំខាន់ៗនៃកង្វក់អាកាស រមែងតែងតែប៉ះពាល់ដល់សុខភាពមនុស្សតាមរយៈដង្ហើមដែលយើងស្រូបខ្យល់ចូលក្នុងសួតជាច្រើនដូចជា កាបូនឌីអុកស៊ីត ស៊ុលផួ។ល។ ម្យ៉ាងទៀតវាបន្ថយសមត្ថភាពឈាមក្នុងការចាប់យកអុកស៊ីសែន ជាហេតុបណ្តាលឱ្យមានការឈឺក្បាល វិលមុខ ក្អួតចង្អោរ-ល-។ ក្នុងករណីធ្ងន់ធ្ងរបំផុត គឺវាអាចមានការប៉ះពាល់ដល់បេះដូង និងខួរក្បាល។ កម្ទេចធូលីដែលអណ្តែតក្នុងខ្យល់អាចធ្វើឱ្យយើងមានជំងឺរលាកទងសួត និងហឺត ក្រហាយច្រមុះ និងបំពង់ក។ រីឯសត្វ និងរុក្ខជាតិក៏ទទួលការប៉ះពាល់យ៉ាងខ្លាំងក្លា ដូចជានៅប្រទេស ណរវែស និងស៊ុយអែត បឹងចំនួន 16000 គ្មានត្រី ហើយបឹង 52000 ទៀតកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ (សិក្សាសង្គមថ្នាក់ទី១១ ទំព័រ៤៦)។

តាមអង្គការសុខភាពពិភពលោក ខ្យល់ពុលបរិយាកាសសម្លាប់មនុស្សមុនអាយុជាង៣លាននាក់ ក្នុងមួយឆ្នាំៗ គឺស្មើនឹងចំនួនមនុស្សស្លាប់ដោយជំងឺអេដស៍ និងជំងឺគ្រុនចាញ់បូកបញ្ចូលគ្នា។ មនុស្សភាគច្រើននៅលើភពផែនដីរស់នៅជាមួយជាតិពុលដែលមានកម្រិត ១០មីក្រូក្រាមក្នុងខ្យល់មួយលីត្រ គឺជាចំនួនដែលកំណត់ទាមទារដោយអង្គការសុខភាពពិភពលោក។ ក៏ប៉ុន្តែ នៅក្នុងតំបន់ខ្លះនៃប្រទេសចិន និងឥណ្ឌា សារធាតុពុលក្នុងខ្យល់បរិយាកាសមានដល់ទៅ ១០០មីក្រូក្រាមឯណោះ។ ករណីប្រទេសចិន និងឥណ្ឌា ត្រូវបានអ្នកជំនាញ លើកយកមកនិយាយច្រើនជាងគេនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្រ្តបរិស្ថាន និងបច្ចេកវិទ្យាអាមេរិក។ អ្នកជំនាញ កំពុងសិក្សាស្រាវជ្រាវលើបណ្តុំសារធាតុពុលក្នុងខ្យល់បរិកាសដែលអាចចូលទៅក្នុងសួត និងធ្វើឱ្យមនុស្សអាចងាយជួបជំងឺគាំងបេះដូង គ្រោះថ្នាក់ដាច់សរសៃឈាម ឬជំងឺមហារីកសួតជាដើម។ សារធាតុពុលទាំងនោះ ភាគច្រើនមានចេញមកពីផ្សែងឡាន ពីរោងចក្រឧស្សាហកម្ម ឬរោងចក្រអគ្គិសនី ដែលដើរដោយធ្យូងថ្ម។ តាមអ្នកជំនាញ ដើម្បីកាត់បន្ថយចំនួនមនុស្សស្លាប់ដោយសារសារធាតុពុលក្នុងខ្យល់បរិយាកាសឱ្យបានពាក់កណ្តាល ប្រទេសដែលមានខ្យល់ពុលបរិយាកាសច្រើនជាងគេ ត្រូវកាត់បន្ថយសារធាតុពុលឱ្យបាន៦៨ភាគរយនៃបណ្តុះដង់ស៊ីតេរបស់វា។ នៅប្រទេសចិន និងឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេនៅក្នុងពិភពលោក គេត្រូវកាត់បន្ថយជាតិពុលឱ្យបានយ៉ាងតិច៣០ភាគរយ ដើម្បីរក្សាចំនួនមរណភាពឱ្យនៅនឹងថ្កល់។ បើសិនកម្រិតជាតិពុលក្នុងបរិយាកាសគ្មានប្រែប្រួល គឺនៅតែច្រើនដូចបច្ចុប្បន្ននោះ គេវាយតម្លៃថា ចំនួនមនុស្សស្លាប់មុនអាយុដោយសារផ្សែងពុលនឹងអាចកើនឡើងប្រមាណ២១ភាគរយ នៅឥណ្ឌា និង២៣ភាគរយ នៅប្រទេសចិន (វិទ្យុបារាំង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥)។

៣. វិធានការកាត់បន្ថយការបំពុលខ្យល់ពីយានយន្ត :

រដ្ឋាភិបាល និងប្រជាពលរដ្ឋគ្រប់ៗរូប ត្រូវយល់ដឹងពីផលប៉ះពាល់សុខភាពដែលបណ្តាលមកពីខ្យល់ពុលពីយានយន្ត ហើយត្រូវមានតួនាទីក្នុងការត្រួតពិនិត្យកង្វក់អាកាស។ យើងទាំងអស់គ្នាសុទ្ធតែប្រាថ្នារស់នៅក្នុងបរិស្ថានមួយបរិសុទ្ធ ហើយចង់បន្ថយជំងឺផ្សេងៗ ដូចនេះយើងត្រូវរួមគ្នាអនុវត្តវិធានមួយចំនួនឱ្យបានម៉ត់ចត់ដូចជា៖
  - ប្រើប្រាស់រថយន្តទាំងឡាយដែលមិនបង្កឱ្យមានកង្វក់អាកាស។
  - កែច្នៃឧស្ម័នដែលចេញពីបំពុងផ្សែង ដើម្បីបន្ថយជាតិពុល។
  - និយមការជិះទោចក្រយាន ឬថ្មើរជើងចំពោះដំណើរជិតៗ។
  - ចៀសវាងបម្រើបម្រាស់គ្រឿងឆេះផូស៊ីល ដូចជាធ្យូងថ្ម ប្រេងកាត ឧស្ម័នធម្មជាតិដែលបញ្ចេញ
 ជាតិស្ពាន់ធ័រ និងអាសូត។

អត្ថបទដកស្រង់ និងកែសម្រួលចេញពី៖
- ក្រសួងអប់រំ យុវជន និងកីឡា, សិក្សាសង្គម ថ្នាក់ទី១១, ភ្នំពេញ, ២០០០, ២៣៦ទំព័រ
- អង្គការទិន្នន័យអំពីការអភិវឌ្ឍ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦
- កាសែតភ្នំពេញបុស្ដិ៍, ៨ មីនា ឆ្នាំ២០១៦
- www.wikipedia.com
- https://rhac.org.kh/km/about-us/

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង