កាបូបកំប្លោកស្នាដៃខ្មែរ

អត្ថបទព័ត៌មានស្តីអំពីសហគមន៍ ក្រោមប្រធានបទ “កាបូបកំប្លោកស្នាដៃខ្មែរ”
អត្ថបទដកស្រង់ដោយ : ពៅ ស៊ីថា
#MJQE #AmericanInterconSchool 

ការត្បាញកាបូបកំប្លោកជាមុខរបរមួយក្នុងចំណោមមុខរបរផ្សេងៗទៀតសម្រាប់អ្នកភូមិនៅខេត្តសៀមរាប ដែលជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពួកគាត់បានមួយកម្រិត។ បើយោងតាមប្រធានសមាគមសិប្បកម្មកំប្លោកភ្នំក្រោម ស្ថិតនៅភូមិក្រោម សង្កាត់សៀមរាប ខេត្តសៀមរាប បានឱ្យដឹងថា សិប្បកម្មកំប្លោក មានតម្លៃជាងផ្ដៅ និងប្លាស្ទិកទៅទៀត ហើយសិប្បកម្មកំប្លោកអាចប្រើប្រាស់បានយូរ មិនក្រោម១០ឆ្នាំនោះទេ បើអ្នកប្រើប្រាស់ចេះទុកដាក់ឱ្យបានត្រឹមត្រូវ។ ក្នុងកាបូប១គេអាចលក់បាន ក្នុងតម្លៃចាប់ពី១០ដុល្លារ ទៅ៣០ដុល្លារ ទៅតាមម៉ូតនីមួយៗ។ សិប្បករភាគច្រើនជាស្ត្រីក្នុងសហគមន៍ដែលគាត់អាចឆ្លៀតពេលក្រោយពីដាំស្ល និងធ្វើកិច្ចការងារផ្ទះរួច គាត់អាចមកត្បាញកាបូបដើម្បីរកប្រាក់ចំណូលបន្ថែមក្នុងការផ្គត់ផ្គង់គ្រួសារ។
 
ដើម្បីផលិតកាបូបកំប្លោកដែលមានគុណភាពខ្ពស់ និងប្រើប្រាស់បានយូរ សិប្បករត្រូវអនុវត្តទៅតាមដំណាក់កាលនីមួយៗឱ្យបានត្រឹមត្រូវ និងហ្មត់ចត់។ ដំបូងឡើយសិប្បករអាចផលិតកាបូបកំប្លោកលក់បានធម្មតាៗ ប៉ុន្តែក្រោយទទួលបានការបង្ហាត់បង្រៀនពីអង្គការមួយមកពីប្រទេសជប៉ុនបន្ថែម សិប្បករខ្មែរបានឆ្នៃម៉ូតកាបូបកំប្លោកបានជាង១០០ម៉ូត សម្រាប់បំពេញនូវតម្រូវការរបស់អតិថិជននៅភ្នំពេញ នៅតាមបណ្តាខេត្ត និងមានគេបញ្ជាទិញយកទៅអាមេរិក ជប៉ុន កូរ៉េខាងត្បូង និងអាល្លឺម៉ង់ទៀតផង។ ក្នុង១ខែៗសិប្បកម្មអាចផលិតកាបូបចន្លោះពី៥០០ ទី១០០០កាបូបសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងទីផ្សារ ។ ការផលិតកាបូបកំប្លោកដំបូងមិនសូវទទួលបានការគាំទ្រពីក្នុងប្រទេសប៉ុន្មានទេ ភាគច្រើនគឺទទួលបានការបញ្ជាទិញពីក្រៅប្រទេស តែបច្ចុប្បន្ននេះអ្នកនៅក្នុងស្រុកក៏ចាប់អារម្មណ៍ក្នុងការប្រើប្រាស់កាបូបកំប្លោកយ៉ាងច្រើន ដែលជួយផ្តល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឱ្យមានការងារធ្វើកាន់តែច្រើន។ ដោយសារភាពប៉ិនប្រសប់របស់សិប្បករខ្មែរក្នុងការច្នៃម៉ូតកាបូបមានភាពស្រស់ស្អាតទាក់ទាញ និងមានគុណភាពល្អ ធ្វើឱ្យទទួលបានការគាំទ្រពីសំណាក់អ្នកទិញទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ 

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.popular.com.kh/pop-biz/224938.html/

ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤

អត្ថបទទាក់ទង