ពិធីបុណ្យអុំទូក

អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ និងការកម្សាន្ត
ក្រោមប្រធានបទ “ពិធីបុណ្យអុំទូក”
អត្ថបទដកស្រង់ដោយ : ឥន សូហ្វីយ៉ា
#MJQE#AmericanInterconSchool

បុណ្យអុំទូក គឺជាពិធីបុណ្យជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលកំណត់យកជាថ្ងៃឈប់សម្រាករបស់ពលរដ្ឋកម្ពុជាចំនួន៣ថ្ងៃ ដែលគិតចាប់ពីអំឡុងខែវិច្ឆិកា និងពេលខ្លះធ្លាក់មកនៅចុងខែតុលា ដែលរាប់តាមប្រតិទិននៃឆ្នាំចន្ទគតិ។ បុណ្យអុំទូកត្រូវបានគេឱ្យនិយមន័យថា ជាបុណ្យសន្តរដូវ (រដូវរំហើយ) ឬ ទិវាវិស្សមកាល (Seasonal Holidays) ដែលស្រដៀងគ្នាទៅនឹងពិធីបុណ្យសែនព្រះខែ (Moon Festival) នៃបណ្ដាលប្រទេសមួយចំនួនដូចជា៖ វៀតណាម ចិន តៃវ៉ាន់ កូរ៉េខាងត្បូង និងជប៉ុនជាដើមដែលត្រូវបានគេហៅថា "ពិធីបុណ្យពាក់កណ្តាលរដូវស្លឹកឈើជ្រុះ" (The Mid-Autumn Festival)។
 

៣ថ្ងៃនៃពិធីបុណ្យអុំទូក


ពិធីបុណ្យអុំទូកមានរយៈពេល៣ថ្ងៃ ដោយថ្ងៃទី១ ជាថ្ងៃបើកកិច្ចប្រណាំងទូក ស្ថាប័នព្រះមហាក្ស័ត្រ ត្រូវរៀបចំទូកព្រះទីនាំងនឹមរាជ្យ ចំនួន២ ដាក់ឱ្យទន្ទឹមគ្នាដើម្បីធ្វើជាទីព្រ័ត ដោយកំណត់យកម៉ោង១១:០០ នាទីព្រឹក ជាកិច្ចចាប់ផ្ដើមប្រណាំងទូក ដែលមានទូកប្រណាំងរាប់រយមកពី២៥ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា មកប្រណាំងប្រជែងដើម្បីទទួលបានជ័យលាភីនេះ លុះក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់បញ្ចប់នាពេលល្ងាច គេមានការបណ្ដែតប្រទីបធំៗនៅម៉ោង៦:០០នាទីល្ងាច ដែលមានប្រទីបតំណាងឱ្យស្ថាប័នជាតិទាំង៣០ ចូលរួមដើម្បីបួងសួងសុំសេចក្ដីសុខពី "ព្រះម៉ែគង្គា" (Goddess Ganga) និងសូមពរជ័យពីពពួកនាគ។ ថ្ងៃទី២ ក្រោយបញ្ចប់ការបណ្ដែតប្រទីបវេលាម៉ោង៩:០០នាទីយប់គេមានរៀបចំកិច្ចពិធីអកអំបុក រហូតដល់វេលាម៉ោង១២:០០រំលងអធ្រាត្រ ជាកិច្ចសំពះព្រះខែ ពលរដ្ឋជាច្រើនរយនាក់ និងដើរជាមួយនឹងចង្កៀងគោមចម្រុះពណ៌របស់ពួកគេ ដើម្បីបង្អួតគ្នាក្រោមពន្លឺព្រះច័ន្ទពេញវង់ដ៏ស្រស់ស្អាត។ ថ្ងៃទី៣ ជាថ្ងៃចុងក្រោយនៃពិធីប្រណាំងទូក នឹងបញ្ចប់នៅម៉ោង៥:០០ នាទីល្ងាច ជាមួយនឹងកិច្ចពិធីកាត់ខ្សែព្រ័ត្រ ទូកប្រណាំងទាំងអស់នឹងត្រូវយកមកដង្ហែឡើងវិញដើម្បីកាត់ខ្សែព្រ័ត្រ បិទបញ្ចប់ពិធីបុណ្យអុំទូក ។

 

ពិធីបណ្ដែតប្រទីប

ពិធីបណ្ដែតប្រទីប ឬបណ្ដែតគោម ជាកិច្ចពិធីមួយដែលមានក្នុងឯកសារមហាបុរសខ្មែរ ឆ្នាំ១៩២៨ ផែនដី ព្រះចន្ទរាជា គ.ស.១៥២២ ក្រោយព្រះអង្គឈ្នះសង្គ្រាមស្ដេចកន នាបន្ទាយចតុមុខ ព្រះអង្គបានប្រារព្ធពិធីនេះឡើង ដើម្បីដឹងគុណដល់ព្រះម៉ែគង្គា (Goddess Ganga) ម្ដាយនៃការបង្កើតប្រភពទឹក (Mother of water source creation) ដើម្បីជាកិច្ចសុំខមាទោសផង និងបន់ស្រន់សូមកុំឱ្យមានទឹកជំនន់នៅតំបន់នេះទៀត។ ព្រះម៉ែគង្គា ដែលមានព្រះហស្ថ (ដៃ) កាន់ផ្កាឈូក និងក្អមទឹក មានយាន្ត ជំនិះជាសត្វទឹក មករ ត្រីរាជ ក្រពើ អណ្តើក .ល.។ គង្គា មកពីពាក្យ ទន្លេនៅឥណ្ឌាឈ្មោះថា កាំងកា (Ganga river) ជាទន្លេពិសិដ្ឋ នៃគ្រប់ជំនឿសាសនាទាំងអស់នៅឥណ្ឌា ជាពិសេសពួកហិណ្ឌូ ទោះបីពុំមានទន្លេ (Ganga) នៅខ្មែរ តែព្រះម៉ែគង្គានៅតែជាព្រះម៉ែថែរក្សាទឹកទាំងអស់ដូចជា សមុទ្រ ទន្លេ ស្ទឹង ព្រែក បឹង ដែលជាប្រភពទឹកនៃការចិញ្ចឹមបីបាច់ដល់មនុស្សសត្វទាំងពួង និងការហូរនាំនូវដីល្បាប់ និង ភោគផលត្រីជាដើម។ ខ្មែរក៏មានទន្លេដ៏ពិសិដ្ឋមួយដែរ ដែលមានលក្ខណ:ជាជ័យភូមិហិណ្ឌូ គឺ ទន្លេសាប ការស្រលាញ់ និងគោរពនូវធម្មជាតិជាមាតា និងថែរក្សាមាតាខ្លួនប្រកបដោយការដឹងគុណ និងខមាទោស ប្រជាជនខ្មែរតែងតែធ្វើនូវកូនប្រទីបតូចៗបណ្ដែត ដើម្បីជាការដឹងគុណដល់ព្រះម៉ែគង្គាផង និងដើម្បីជាការបួងសួងផង ដែលបានផ្ដល់នូវសេចក្ដីសុខសប្បាយ ភោគផលក្នុងការនេសាទត្រី ដែលជារបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។ 


អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://km.wikipedia.org/wiki/

Wikipedia
ទំព័រដើម
គំរោងជាបងប្អូន:

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង