លំហាត់ប្រាណ៣ប្រភេទអាចជួយឱ្យបេះដូងមានសុខភាពល្អ

អត្ថបទព័ត៌មានស្តីពីសុខភាព ក្រោមប្រធានបទ “លំហាត់ប្រាណ៣ប្រភេទអាចជួយឱ្យបេះដូងមានសុខភាពល្អ”
អត្ថបទដកស្រង់ដោយ : ទ្រី ណូរី
#MJQE  #AmericanInterconSchool    

ការហាត់ប្រាណ ក៏ដូចការបង្កើតទម្លាប់ឱ្យរាងកាយមានចលនាច្រើន ជាវិធីសាស្ដ្រល្អជួយដល់សុខភាពបេះដូង។ អ្នកជំនាញបានណែនាំថា មិនថាអ្នកមានជំងឺបេះដូង ឬអ្នកមិនទាន់មានជំងឺនោះទេ ត្រូវតែបង្កើតទម្លាប់ហាត់ប្រាណឱ្យបានជាប្រចាំ ជាពិសេសវិធីហាត់ប្រាណ៣ប្រភេទ ដែលមានប្រសិទ្ធភាពខ្ពស់ដល់បេះដូង។

១. លំហាត់ប្រាណអេរ៉ូបិក 
លំហាត់ប្រាណអេរ៉ូបិក (Aerobic Exercise) គឺជាវិធីហាត់ប្រាណសម្រួលដល់ចង្វាក់បេះដូង ចរន្ដឈាម ពិសេសគ្រប់គ្រងសម្ពាធឈាមបានល្អ។ មិនត្រឹមតែប៉ុណ្ណោះ ការហាត់បែបនេះ ក៏អាចជួយកាត់បន្ថយហានិភ័យកើតជំងឺទឹកនោមផ្អែម ហើយចំពោះអ្នកជំងឺទឹកនោមផ្អែមក៏អាចជួយការពារនៃការកើនឡើងជាតិស្ករក្នុងឈាមបានដែរ។
ការហាត់ប្រាណបែប (Aerobic Exercise) មានដូចជា ការរត់ ដើរ ជិះកង់ រាំ ហែលទឹក លោតអន្ទាក់ ក៏ដូចជាវាយប៉េងប៉ុងជាដើម។ ដូច្នេះ យើងគួរអនុវត្ដយ៉ាងហោច៣០នាទី ក្នុងមួយថ្ងៃ និង៥ថ្ងៃមួយសប្ដាហ៍អាចជួយឱ្យបេះដូងមានសុខភាពល្អ។

២. ហាត់ប្រាណលើកទម្ងន់ 
ការលើកទម្ងន់ជាវិធីហាត់ប្រាណដែលប្រើថាមពលខ្លាំង។ ការហាត់ប្រាណបែបនេះមានអត្ថប្រយោជន៍ច្រើនចំពោះអ្នកមានរាងកាយធាត់លើសគីឡូ មានខ្លាញ់ច្រើន ពិសេសទៀតនោះសម្រាប់អ្នកមានក្បាលពោះធំៗ ដែលប្រឈមខ្លាំងកើតជំងឺបេះដូង និងលើសសម្ពាធឈាម។ លំហាត់ប្រាណបែបនេះអាចជួយសម្រកជាតិខ្លាញ់ និងបង្កើនម៉ាសសាច់ដុំ។ ការសិក្សាបានបង្ហាញថា ប្រសិនបើបានអនុវត្ដការហាត់ប្រាណបានទាំងពីរប្រភេទ គឺការលើកទម្ងន់ និងអេរ៉ូបិកជាមួយគ្នាកាន់តែជួយកាត់បន្ថយកូលេស្ដេរ៉ូល អាក្រក់ និងបង្កើនមកវិញនូវកូលេស្ដេរ៉ូលល្អសម្រាប់សុខភាព។
ជាមធ្យមយើងអាចហាត់ប្រាណបែបនេះចន្លោះពី២ ទៅ៣ថ្ងៃក្នុងមួយសប្ដាហ៍ រយៈពេលចន្លោះពី៣០នាទី ទៅ១ម៉ោងល្អប្រសើរសម្រាប់សុខភាព។

៣. ហាត់យូហ្កា 
យូហ្កា គឺជាវិធីហាត់ប្រាណមួយដែលមិនត្រឹមតែជួយឱ្យបេះដូងមានសុខភាពល្អប៉ុណ្ណោះទេ សូម្បីផ្នែកប្រព័ន្ធប្រសាទ ផ្នែកស្មារតីក៏ទទួលបានអត្ថប្រយោជន៍ទាំងព្រម។ ជាមធ្យមការហាត់យូហ្កាត្រឹមតែ៤០នាទី ក្នុងមួយថ្ងៃ ៥ថ្ងៃក្នុងមួយសប្ដាហ៍ អាចជួយសម្រួលដល់សរសៃឈាមបេះដូង និងខួរក្បាល ពិសេសអាចកាត់បន្ថយស្ដ្រេស និងជួយស្មារតីរឹងមាំ។

ដូចគ្នានេះយើងដឹងហើយថា ស្ដ្រេសរ៉ាំរ៉ៃគឺជាបញ្ហាមួយដែលបង្កការរំខានដល់ជីវិតរស់នៅ ព្រោះថាអាចបង្កឱ្យអ្នកជំងឺគេងមិនលក់ ញ៉ាំច្រើនលើសគីឡូ ប្រឈមកកើតជំងឺផ្សេងៗ ក្នុងនោះមានជំងឺបេះដូង លើសឈាម និងទឹកនោមផ្អែមប្រភេទ២។ ការគ្រប់គ្រងស្ដ្រេសបានល្អ ក៏ជាចំណែកមួយជួយដល់សុខភាពបេះដូង ដូច្នេះវិធីហាត់ប្រាណមួយប្រភេទនេះ ល្អសម្រាប់អ្នកជំងឺបេះដូងផង និងអ្នកមានបញ្ហាស្ដ្រេសផង។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://hellokrupet.com

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣

អត្ថបទទាក់ទង