វិធីសាស្រ្តងាយៗក្នុងការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព ដើម្បីឱ្យមានរាងស្លីម ស្វែលដូចដែលអ្នកប្រាថ្នាចង់បាន

អត្ថបទព័ត៌មានស្តីពីសុខភាព ក្រោមប្រធានបទ “វិធីសាស្រ្តងាយៗក្នុងការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព ដើម្បីឱ្យមានរាងស្លីម ស្វែលដូចដែលអ្នកប្រាថ្នាចង់បាន”
អត្ថបទដកស្រង់ដោយ : ឃី គីមស្រៀ
#MJQE #AmericanInterconSchool


សុខភាពរាងកាយ គឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ យោងទៅតាមបទពិសោធដែលធ្លាប់ឆ្លងកាត់ និងការសង្កេតមើលពីមនុស្សទូទៅ មនុស្សមួយចំនួនតែងតែមានការខ្វល់ខ្វាយ និងព្រួយបារម្ភពីសុខភាពរាងកាយ ជាពិសេសនោះគឺរូបរាងកាយខាងក្រៅ។ ជាធម្មតា មនុស្សពេញវ័យតែងចង់បានរាងកាយស្អាត ស្វែល ប៉ុន្តែមិនសូវជាតមដូចជាការញាំមិនបានទៀងទាត់ ឬញាំច្រើនលើសចំណុះដែលអាចបណ្តាលឱ្យរាងកាយរបស់ពួកគាត់ចាប់ផ្តើមឡើង ទម្ងន់ លើសជាតិខ្លាញ់ ឬដុះក្បាលពោះជាដើម។ ដើម្បីកុំឱ្យរូបរាងកាយរបស់អ្នកលើសជាតិខ្លាញ់ ឬដុះក្បាលពោះ អ្នកគួរតែស្វែងរកវិធីសាស្រ្តណាមួយដើម្បីសម្រកទម្ងន់ មុនពេលដែលរូបរាងកាយរបស់អ្នកប្រឈមនឹងការលើសជាតិខ្លាញ់ ឬលើសទម្ងន់។

ជាការពិតណាស់ ការសម្រកទម្ងន់មិនមែនជារឿងងាយស្រួលនោះទេ ហើយវាទាមទារការតាំងចិត្ត និងការព្យាយាមខ្ពស់។ ប៉ុន្តែប្រសិនបើអ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើម យើងមានការណែនាំជាជំហានៗ ដើម្បីជួយឱ្យអ្នកទទួលបានជោគជ័យក្នុងការសម្រកទម្ងន់ និងមានសុខភាពល្អជាងមុន។ មុននឹងចាប់ផ្តើមការណែនាំសំខាន់បំផុតគឺការឈានទៅរកការផ្លាស់ប្តូរដោយការចេះស្រលាញ់រូបរាងខ្លួន ចេះផ្តល់តម្លៃឱ្យខ្លួន និងស្វែងយល់ពីការត្រៀមខ្លួន និងការលើកទឹកចិត្តពីខ្លួនឯងផ្ទាល់។ ដូច្នេះដើម្បីសម្រកទម្ងន់ឱ្យមានប្រសិទ្ធភាព និងទទួលបានរូបរាងកាយដែលអ្នកប្រាថ្នាចង់បាន យើងគួរអនុវត្តនូវវិធីសាស្រ្តងាយៗដូចខាងក្រោម៖

១. ការទទួលទានកាហ្វេ :

កាហ្វេមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាពរាងកាយរបស់មនុស្សយើង ព្រោះកាហ្វេរួមមាននូវសារធាតុចិញ្ចឹមដូចជា ណៃស៊ីន ប៉ូតាស្យូម ម៉ាញេស្យ៉ូម និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗ ដែលអាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ទ្រទ្រង់ដល់មុខងារសាច់ដុំ និងនាំឱ្យសុខភាពបេះដូងអ្នកកាន់តែល្អប្រសើរ។ វាក៏មានផ្ទុកជាតិកាហ្វេអ៊ីន ដែលជួយបង្កើនថាមពល និងអាចជួយដល់ការសម្រកទម្ងន់ដោយមានប្រសិទ្ធភាពផងដែរ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកទទួលទានកាហ្វេឱ្យបាន៣០នាទី មុនពេលដែលអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណ  វាអាចជួយបង្កើនថាមពលនៅក្នុងអំឡុងពេលហាត់ដោយជួយឱ្យអ្នកមិនសូវឆាប់ហត់ អស់កម្លាំង ហើយវាថែមទាំងជួយឱ្យអ្នកសម្រកទម្ងន់បានកាន់តែមានប្រសិទ្ធភាព។ ជាការពិតទៅ កាហ្វេមានសារៈសំខាន់សម្រាប់ជីវិតប្រចាំថ្ងៃរបស់អ្នក ព្រោះកាហ្វេអាចជួយឱ្យអ្នកកាត់បន្ថយភាពតានតឹង កាត់បន្ថយនូវភាពងងុយគេង ជាពិសេសនៅពេលដែលអ្នកត្រូវធ្វើការងារច្រើនម៉ោង។ 

២. ការញាំផ្លែឈើជាអាហារពេលល្ងាច :  

ជាទូទៅផ្លែឈើក៏មានកាឡូរីទាប ដែលអាចជួយឱ្យអ្នកសម្រកទម្ងន់បានដែរ។ ជាការពិតទៅ ការញាំផ្លែឈើត្រូវបានផ្សារភ្ជាប់ទៅនឹងការសម្រកទម្ងន់សម្រាប់មនុស្សទូទៅ ហើយក៏អាចជួយកាត់បន្ថយនូវហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺលើសឈាម មហារីក ការឡើងសម្ពាធឈាម កាត់បន្ថយនូវហានិភ័យនៃបញ្ហាភ្នែក និងប្រព័ន្ធរំលាយអាហារ និងជំងឺបេះដូងជាដើម។ ថ្វីត្បិតតែផ្លែឈើមួយចំនួនមានផ្ទុកសារជាតិស្ករមែន ក៏ប៉ុន្តែវាក៏មិនបណ្តាលឱ្យអ្នកឡើងទម្ងន់ ឬលើសជាតិស្ករនៅក្នុងខ្លួនទេ ព្រោះផ្លែឈើសំបូរទៅដោយវីតាមីន C (Vitamin C) និងកាលស្យ៉ូម (Calcium) ដែលអាចជួយទ្រទ្រង់សារពាង្គកាយរបស់យើងឱ្យកាន់តែមានថាមពល និងមានសុខភាពល្អ។

៣. ការហាត់ប្រាណឱ្យបានទៀងទាត់ :

អ្នកគួរធ្វើលំហាត់ប្រាណប្រចាំថ្ងៃ ឬចំណាយពេលហាត់ប្រាណយ៉ាងហោចណាស់ឱ្យបានកន្លះម៉ោង ទៅ៤៥នាទីក្នុង១ថ្ងៃ ពីព្រោះការធ្វើលំហាត់ប្រាណអាចជួយឱ្យរាងកាយរបស់អ្នក បញ្ចេញនូវជាតិពុលនៅក្នុងខ្លួន ហើយជាពិសេសសម្រាប់អ្នកដែលប្រាថ្នាចង់សម្រកទម្ងន់ ការអនុវត្តនូវការធ្វើលំហាត់ប្រាណជាប្រចាំបែបនេះគឺអាចជួយឱ្យអ្នកសម្រេចនូវគោលដៅរបស់អ្នកបាន។ ការធ្វើលំហាត់ប្រាណជាប្រចាំ មិនត្រឹមតែជួយឱ្យអ្នកអាចសម្រកទម្ងន់បានតែប៉ុណ្ណោះទេ  វាថែមទាំងជួយឱ្យអ្នកមានសុខភាពល្អ  និងមានភាពស្រស់ស្រាយផងដែរ។ 

៤. ការញាំទឹកឱ្យបានទៀងទាត់ :

ការទទួលទានទឹកគ្រប់គ្រាន់ជាប្រចាំក៏មានសារៈសំខាន់សម្រាប់សុខភាពរបស់អ្នកដែរ។ ការទទួលទានទឹកបានគ្រប់គ្រាន់ អាចការពារពីការបាត់បង់ ឬខ្សោះនូវជាតិទឹកនៅក្នុងខ្លួន ការពារទប់ស្កាត់រាងកាយរបស់អ្នកមិនឱ្យឡើងកម្តៅខ្លាំង និងជួយកាត់បន្ថយមិនឱ្យកើតមានជំងឺគ្រួសក្នុងតម្រងនោមជាដើម។ លើសពីនេះទៅទៀត ការទទួលទានទឹកបានច្រើន មិនត្រឹមតែជួយឱ្យអ្នកមានសុខភាពល្អតែមួយប៉ុណ្ណោះទេ វាថែមទាំងជួយឱ្យអ្នកសម្រកទម្ងន់ មានស្បែកភ្លឺស្រស់ថ្លា និងរក្សាតុល្យភាពរាងកាយរបស់អ្នកបានយ៉ាងល្អប្រសើរផងដែរ។

ការបង្កើតនូវបរិយាកាសល្អ ទាំងរាងកាយ និងជាមួយមនុស្សក្នុងជីវិតរបស់អ្នក អាចជួយអ្នកឱ្យសម្រេចបាននូវអ្វីដែលអ្នកប្រាថ្នាចង់បានដោយមានប្រសិទ្ធភាព។

ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង