App បំប្លែងសំឡេងជាអក្សររត់ពីក្រោម ចាប់ផ្តើមដាក់ដំណើរការទូទាំងពិភពលោក

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា ក្រោមប្រធានបទ “App បំប្លែងសំឡេងជាអក្សររត់ពីក្រោម ចាប់ផ្តើមដាក់ដំណើរការទូទាំងពិភពលោក”
អត្ថបទដកស្រង់ដោយ : លុក វណ្ណារុណ
#MJQE #AmericanInterconSchool  

កម្មវិធី (App) មួយដែលអាចប្រែក្លាយការនិយាយទៅជាអក្សររត់ពីក្រោម និងបកប្រែភាសាផ្សេងៗ តាម រយៈការបង្ហាញអត្ថបទនៅលើវ៉ែនតាឆ្លាតវៃបានដាក់ឱ្យដំណើរការទូទាំងពិភពលោក។ កម្មវិធី XRAI Glass ឥឡូវនេះមាននៅលើ Google Play Store និងប្រើបញ្ញាសិប្បនិម្មិត (AI) ដើម្បីបន្ថែមចំណងជើងរងទៅលើការសន្ទនាក្នុងជីវិតពិតទាន់ពេលជាក់ស្តែងសម្រាប់អ្នកពាក់វ៉ែនតា ដើម្បីជួយអ្នកដែលបាត់បង់សោតវិញ្ញាណនៅពេលប្រើរួមគ្នាជាមួយវ៉ែនតាឆ្លាតវៃ Nreal។

បច្ចេកវិទ្យានេះក៏អាចបកប្រែភាសាទូទៅចំនួន៩ របស់ពិភពលោកផងដែរ ដូចជា អង់គ្លេស ចិនកុកងឺ ជប៉ុន អេស្ប៉ាញ បារាំង ព័រទុយហ្គាល់ អ៊ីតាលី និងអាល្លឺម៉ង់ ហើយបង្ហាញអក្សរនៅលើអេក្រង់តូចដែលភ្ជាប់មកជាមួយវ៉ែនតាឆ្លាតវៃ ដែលភ្ជាប់ជាមួយស្មាតហ្វូន។

XRAI Glass និយាយថា បច្ចេកវិទ្យានេះក៏អាចត្រូវបានប្រើដើម្បីរម្លឹកការសន្ទនាតាមតម្រូវការផងដែរ ដោយអ្នកពាក់អាចចាក់សារឡើងវិញនូវការសន្ទនាដែលបានកើតឡើងពីមុន ដើម្បីពិនិត្យមើលព័ត៌មានលម្អិតពីរដង។

ការដាក់ឱ្យដំណើរការនៅលើ Google Play បានកើតឡើង បន្ទាប់ពីគម្រោងសាកល្បងសម្រាប់កម្មវិធីនេះកាលពីដើមឆ្នាំនេះ។

លោក ដាន់ ស្កាហ្វេ (Dan Scarfe) ស្ថាបនិក និងជានាយកប្រតិបត្តិនៃកម្មវិធី XRAI Glass បាននិយាយថា “យើងពិតជារំភើបក្នុងការប្រកាសថា កម្មវិធី XRAI Glass ឥឡូវនេះអាចរកបាននៅទូទាំងពិភពលោក”។

“យើងជឿថា បច្ចេកវិទ្យាច្នៃប្រតិដ្ឋថ្មីនេះអាចបង្កើនទំនាក់ទំនងសម្រាប់មនុស្សរាប់លាននាក់ ដែលបាត់បង់សោតវិញ្ញាណនៅជុំវិញពិភពលោក”។

“យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូជាច្រើនរួមទាំងអង្គការ DeafKidz International និងធ្វើការដោយផ្ទាល់ជាមួយបុគ្គលថ្លង់ និងពិបាកស្តាប់ ដើម្បីសាកល្បងផលិតផលនេះ ហើយបានស្តាប់ និងរៀនសូត្រពីពួកគេទាំងអស់គ្នា ដើម្បីបង្កើតអ្វីមួយដែលផ្លាស់ប្តូរជីវិតពិតប្រាកដ”។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.rasmeinews.com/archives/718655

ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣

អត្ថបទទាក់ទង