ឥទ្ធិពលនៃពាក្យសម្ដី

អត្ថបទព័ត៌មានស្តីពីការអប់រំ ក្រោមប្រធានបទ “ឥទ្ធិពលនៃពាក្យសម្ដី”
អត្ថបទដកស្រង់ដោយ : ដាង វិបុល
#MJQE #AmericanInterconSchool

សម្ដីរបស់យើងមានឥទ្ធិពលខ្លាំងណាស់ អត្ថន័យរបស់វាអាចក្លាយជាទស្សនៈដែលកំណត់នូវជំនឿចិត្ត បណ្ដុះអត្តចរិត និងទីបំផុតនោះ គឺកំណត់ពិភពដែលយើងរស់នៅនេះតែម្ដង។ ពាក្យសម្ដីគឺជាឧបករណ៍ដែលអាចប្រើដើម្បីលើកកម្ពស់ជីវិត ហើយក៏អាចទាញទម្លាក់វាឱ្យដល់ចំណុចទាបបំផុតបានដែរ។ ប៉ុន្តែជាទូទៅយើងមិនសូវចាប់អារម្មណ៍ជាមួយនឹងពាក្យដែលយើងនិយាយ ឬក៏ជួបប្រទះនោះទេ ជាការពិតលុះត្រាតែពាក្យសម្ដីទាំងនោះប៉ះពាល់ដល់អារម្មណ៍របស់យើង ចំណុចនេះគឺដូចគ្នាចំពោះមនុស្សទូទៅ។ ដូច្នេះវាសំខាន់ណាស់ដែលត្រូវជ្រើសរើសពាក្យនិយាយឱ្យបានប្រយ័ត្នប្រយែង។ អ្នកវិទ្យាសាស្ត្រជនជាតិជប៉ុន លោក ម៉ាសារុ អ៊ីម៉ូតូ បានធ្វើការពិសោធដ៏គួរឱ្យចាប់អារម្មណ៍មួយទៅលើឥទ្ធិពលនៃពាក្យដែលបាននិយាយចេញ។ គាត់បានដាក់បាយដាំរួចចូលទៅក្នុងកែវ២បិទជិត។ ដោយសរសេរពាក្យថា “អរគុណ” នៅលើកែវទី១ និងសរសេរពាក្យថា “ល្ងង់ណាស់” នៅលើកែវទី២។ ដោយដាក់កែវទាំង២ នៅក្នុងថ្នាក់រៀនមួយនៅសាលាបឋមសិក្សា ហើយកូនសិស្សត្រូវបានណែនាំឱ្យនិយាយពាក្យនៅលើកែវនោះឱ្យបានពីរដងក្នុងមួយថ្ងៃ។ ៣០ថ្ងៃក្រោយមក គេសង្កេតឃើញថាបាយនៅក្នុងកែវដែលត្រូវបានគេប្រមាថនោះ បានប្រែក្លាយទៅជាពណ៌ខ្មៅខូចអស់។ ចំណែកបាយដែលនៅក្នុងកែវមួយទៀតមានសភាពសស្អាតដូចថ្ងៃដែលវាទើបតែចម្អិនអញ្ចឹង។ ឧទាហរណ៍ដ៏ពិសេសពីអានុភាពនៃពាក្យសម្ដីនេះ ក៏មានចារយ៉ាងលម្អិតនៅក្នុងសៀវភៅរបស់លោក អីម៉ូតូ ដែរ។ 

តើអ្នកទាំងអស់គ្នាដឹងទេថា យើងប្រើប្រាស់ពាក្យសម្ដីមិនសមរម្យមកលើខ្លួនឯងប៉ុន្មានដងទៅក្នុងមួយថ្ងៃៗ? ដូចជាថា ខ្ញុំមិនចូលចិត្តម៉ូតសក់របស់ខ្ញុំសោះ ហេតុអ្វីខ្ញុំល្ងង់យ៉ាងនេះ ឬក៏ខ្ញុំអន់យ៉ាងនេះ អន់យ៉ាងនោះជា     ដើម។ យើងមិនដែលដឹងថាពាក្យអវិជ្ជមានទាំងនេះនឹងធ្វើឱ្យជីវិតរបស់យើងរងការប៉ះពាល់យ៉ាងណានោះទេ។ មនុស្សយើងមួយចំនួនចូលចិត្តប្រើពាក្យអវិជ្ជមានជាប្រចាំរហូតក្លាយជាទម្លាប់។ បញ្ហាគឺថានៅពេលយើងនិយាយ អាន ឬស្ដាប់ឮពាក្យណាមួយកាន់តែញឹកញាប់នោះ វានឹងកាន់តែមានឥទ្ធិពលមកលើយើង។ នេះក៏ព្រោះថាខួរក្បាលរបស់យើងប្រើភាពដដែលៗដើម្បីរៀន ហើយវាបង្កើតទៅជាផ្នត់គំនិត និងទីបំផុតក្លាយទៅជាសម្បជញ្ញៈរបស់យើងក្នុងការស្វែងយល់ពីអ្វីៗជុំវិញខ្លួនតែម្ដង។ ឧទាហរណ៍ដូចជា យើងមិនអាចចាំបានថ្ងៃខែបញ្ចប់សង្គ្រាមលោក ប៉ុន្តែយើងនៅតែចាំថា ៣គុណនឹង៩ ស្នើប៉ុន្មាន។ ខ្ញុំជឿថា អ្នកប្រាកដជាធ្លាប់ឆ្លងកាត់បទពិសោធនៅតែនឹកឃើញជាប់ក្នុងចិត្តនូវឃ្លាចម្រៀងមួយពេញមួយថ្ងៃមិនខាន។ លក្ខណៈនេះគឺដូចគ្នាចំពោះរូបភាពផ្សេងៗ វាកើតឡើងតាមរយៈការផ្តោតគំនិត និងការស្រមើស្រមៃរបស់យើងទៅលើអ្វី   មួយ។ នៅពេលដែលឆ្លងកាត់ មើលឃើញ ស្ដាប់ឮ ឬនិយាយអ្វីមួយដដែលៗនោះ វានឹងក្លាយទៅជាផ្នែកនៃខ្លួនយើង ទោះជាវាខុស ឬត្រូវក៏ដោយ។ ភាពដដែលៗមានអានុភាពអាចផ្លាស់ប្ដូរចិត្តរបស់យើងបាន។ ដូច្នេះហើយ ប្រសិនបើយើងមិនដឹង មិនចាប់អារម្មណ៍ និងមិនយកចិត្តទុកដាក់ទៅលើអ្វីៗដែលយើងឆ្លងកាត់ភាពសាំដដែលៗនោះនឹងបាំងយើងមិនឱ្យមើលធ្លុះសភាពពិតឡើយ។ 

ឥឡូវនេះអ្នកអាចដឹងខ្លះហើយថា ពាក្យសម្ដីដែលយើងនិយាយ ស្ដាប់ឮ ឬអាននោះ អាចមានឥទ្ធិពលខ្លាំងយ៉ាងណាទៅរបៀបដែលយើងរស់នៅប្រចាំថ្ងៃ។ ខាងក្រោមនេះគឺជាចំណុចមួយចំនួនជួយយើងឱ្យចៀសឆ្ងាយពីពាក្យអវិជ្ជមាន និងផ្តោតលើពាក្យដែលលើកកម្ពស់ជីវិតវិញ៖
- ផ្ដើមពីខ្លួនអ្នក : ចាប់ផ្ដើមប្រើពាក្យសម្ដីដោយប្រយ័ត្នប្រយែង ហើយរើសយកពាក្យណាដែលវាចាចេញហើយទាំងខ្លួនឯង និងអ្នកដទៃសុទ្ធតែទទួលបានការលើកទឹកចិត្ត។
 - ចៀសវាងការដាក់ងារ ឬមើលស្រាលខ្លួនឯង : មនុស្សគ្រប់គ្នាសុទ្ធតែចង់ធ្វើឱ្យបានល្អ និងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនៅខណៈណាមួយនៃជីវិត ដូច្នេះត្រូវចេះគិតដល់អារម្មណ៍អ្នកដទៃ ពេលខ្លះការលេងសើចរបស់អ្នកអាចជាការវាយប្រហារទៅលើគេ។ យើងមិនធ្វើដាក់គេ ហើយក៏មិនឱ្យគេធ្វើដាក់យើងដែរ។
- ចៀសវាងការនិយាយដើមគេ : ពាក្យដែលយើងនិយាយពីក្រោយខ្នងគេប្រាកដជាយើងជាអ្នកឮ មិនមែនគេឡើយ។ 
- បង្កើន និងបង្កើតរង្វង់នេះភាពវិជ្ជមាន : អ្វីៗគឺស្ថិតនៅលើយើង ហើយយើងគួររៀនដើរចេញពីកន្លែងដែលមានតែពាក្យអវិជ្ជមាន ព្រោះបើយើងបណ្ដោយខ្លួនវានឹងស្រូបទាញយើងចូលជាមួយដោយមិនដឹងខ្លួន។ ផ្ទុយទៅវិញ ត្រូវព្យាយាមពង្រីកភាពវិជ្ជមាននៅក្នុងរង្វង់មិត្តភក្ដិ និងក្រុមគ្រួសារដោយការលើកទឹកចិត្ត មិនថាតាមរយៈពាក្យសម្ដីផ្ទាល់ ឬការផ្ញើសារក្ដី សូម្បីតែសារអរគុណមួយម៉ាត់ក៏អាចបង្កើតជាថាមពលដើម្បីជំរុញមនុស្សឱ្យឆ្ពោះទៅមុខឥតឈប់ឈរដែរ។ 

អត្ថបទដកស្រង់ កែសម្រួល និងបកប្រែចេញពីគេហទំព័រ៖

HTTPS://GOOP.COM/WELLNESS/MINDFULNESS/THE-SCARY-POWER-OF-NEGATIVE-WORDS/

ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង