៨គន្លឹះជំនួយដល់ការសម្រេចចិត្តជ្រើសជំនាញសិក្សានៅសាកលវិទ្យាល័យ

អត្ថបទព័ត៌មានស្តីពីការអប់រំ
ក្រោមប្រធានបទ “៨គន្លឹះជំនួយដល់ការសម្រេចចិត្តជ្រើសជំនាញសិក្សានៅសាកលវិទ្យាល័យ”
អត្ថបទដកស្រង់ដោយ : ហុកសេង ប៊ុនឈឿន
#MJQE #AmericanInterconSchool

ក្រោយបញ្ចប់ពីវិទ្យាល័យ ការស្វែងរកព័ត៌មាន និងការជ្រើសមុខជំនាញសិក្សានៅមហាវិទ្យាល័យ អាចចាត់ទុកថាជាភារកិច្ចអាទិភាពមួយ និងជាការសម្រេចចិត្តដ៏ហ្មត់ចត់បំផុតសម្រាប់វ័យនេះ ព្រោះវាជាប់ទាក់ទងនឹងអាជីពការងារនៅថ្ងៃអនាគត។ ចំពោះសិស្សដែលមិនទាន់ដឹងថា តើត្រូវរៀនមុខជំនាញអ្វី? ពួកគេអាចនឹងមានការយល់ច្រឡំរវាងជំនាញដែលមានភាពល្បីល្បាញ និងជំនាញដែលពួកគេស្រឡាញ់ចូលចិត្ត ដែលបណ្តាលឱ្យមានភាពស្រពេចស្រពិលក្នុងការសម្រេចចិត្ត។ បើយោងតាមគេហទំព័រ Post University មានគន្លឹះចំនួន៨ ដែលអាចជាជំនួយដល់ការសម្រេចចិត្តរបស់សិស្សានុសិស្សពេលជ្រើសជំនាញរៀននៅសាកលវិទ្យាល័យ។

១. ឈ្វេងយល់គ្រប់មុខជំនាញ៖ ប្រសិនបើអ្នកបានជ្រើសរើសសាលារួចហើយជារឿងល្អមួយ ប៉ុន្តែចូរចំណាយពេលខ្លះដើម្បីសិក្សាស្វែងយល់បន្ថែមអំពីជម្រើសនៃប្រភេទមុខជំនាញនីមួយៗ។ ការទុកចន្លោះឱ្យខ្លួនឯងបានស្គាល់ពហុជំនាញវាងាយនឹងរកឃើញឱកាសក្នុងការរុករកសមត្ថភាពថ្មីៗបន្ថែម។ ឧទារហណ៍ដូចជា ប្រសិនបើសិស្សនិស្សិតស្រលាញ់មុខវិជ្ជាដែលទាក់ទងនឹងស្ទែម ដូច្នេះអាចជ្រើសរើសជំនាញណាដែលពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត និងផ្នែកគណិតសាស្ត្រ ឬការគណនាជាដើម។

២. ជ្រើសអ្វីដែលចាប់អារម្មណ៍៖ កាលនៅវិទ្យាល័យ តើមុខវិជ្ជាអ្វីដែលអ្នកចាប់អារម្មណ៍ជាងគេ? តើអ្នកតែងតែរីករាយនឹងការរៀនអ្វីខ្លះ? សំណួរទាំងនេះវាបានផ្តល់ផលប្រយោជន៍ពេលដែលសម្រេចចិត្តជ្រើសជំនាញសិក្សា ព្រោះការជ្រើសជំនាញ ត្រូវការផ្តោត និងចំណាយពេលក្នុងការអនុវត្តយ៉ាងហោចណាស់ ៣ទៅ៤ឆ្នាំ។  ដូច្នេះហើយត្រូវធ្វើឱ្យប្រាកកដថាវាជាបរិយាកាសដែលពេញចិត្ត។ ការសម្រាំងមុខវិជ្ជាដែលអ្នកជ្រើសរើសឱ្យស្របនឹងអ្វីដែលអ្នកចូលចិត្ត វាបានផ្តល់អត្ថប្រយោជន៍ទ្វេគុណ ដោយហេតុថាអ្នកត្រូវចំណាយពេលជាមួយមនុស្សដែលមានចំណង់ចំណូចចិត្តប្រហាក់ប្រហែលនឹងអ្នកដែរ។

៣. ជ្រើសឱ្យស្របនឹងចំណូលចិត្ត៖ តើបរិយាកាសសិក្សា និងជំនាញដែលជ្រើសនោះមានសភាពដូចម្តេចដែរ? បើរកបានកន្លែងដែលត្រូវចិត្ត និងជំនាញដែលខ្លួនស្រឡាញ់ហើយ វាក៏ធ្វើឱ្យចំណង់នៅក្នុងការសិក្សាក៏កើនមានកាន់តែខ្ពស់ដែរ។ មួយវិញទៀត បើបានធ្វើការនៅក្នុងវិស័យដែលអ្នកកំពុងតែមានចំណង់ចំណូចចិត្ត វាជះឥទិ្ធពលល្អទៅកាន់អនាគតការងារដូចគ្នា។

៤. កំណត់ភាពខ្លាំងរបស់ខ្លួនឯង៖ នៅសាកលវិទ្យាល័យមានរឿងជាច្រើនដែលពិបាកជាងនៅវិទ្យាល័យ ដូច្នេះអ្នកគួរតែត្រៀមខ្លួនប្រកួតប្រជែងសមត្ថភាព និងការគិតឱ្យបានច្រើនជាងមុន។ កំណត់ចំណាំនៅក្នុងជំនាញ តើមានផ្នែកអ្វីខ្លះដែលស្របនឹងចំណុចខ្លាំងរបស់អ្នក និងថាតើមានអ្វីដែលអ្នកអាចបញ្ចេញចំណុចខ្លាំងទាំងនោះចេញមកក្រៅបាន? ការផ្ទៀងផ្ទាត់ចំណុចខ្លាំងរបស់អ្នកជាមួយនឹងជំនាញដែលជ្រើសនៅមហាវិទ្យាល័យ វាបានបង្កនូវភាពរីករាយអំឡុងពេលសិក្សាផងដែរ ព្រោះអ្នកអាចចំណាយពេលផ្តោតជាមួយនឹងអ្វីដែលមានពីធម្មជាតិ ។ ភាពជោគជ័យនៅក្នុងការសិក្សាជំនាញនៅសាកលវិទ្យាល័យ គឺជារង្វាន់ និងបទពិសោធដ៏សំខាន់។

៥. សួរយោបល់ពីអ្នកប្រឹក្សា៖ ពេលដែលអ្នកចាប់ផ្តើមដាក់និន្នាការទៅលើមុខជំនាញ ឬក៏ការផ្តោតសំខាន់ទៅលើជំនាញជាក់លាក់ណាមួយ នោះគឺជាពេលសាកសមមួយដែលត្រូវទៅសុំដំបូន្មានពីអ្នកមានជំនាញ។ ដោយទៅសួរពីអ្នកប្រឹក្សាផ្ទាល់ ឬអ្នកដែលជាសមាជិកមានតួនាទីផ្តល់ព័ត៌មាននៅក្នុងមហាវិទ្យាល័យ ដែលអ្នកកំពុងតែសម្រេចចិត្តចូលទៅ។ ស្នើសុំជួបផ្ទាល់ជាមួយប្រធាន ឬតំណាងនាយកដ្ឋាននៃជំនាញនីមួយៗ ដើម្បីដឹងព័ត៌មានបន្ថែមអំពីប្រភេទមុខវិជ្ជាដែលត្រូវបំពេញ និងអ្វីដែលជាចំណុចខ្លាំងនៅក្នុងជំនាញនោះ សួរឱ្យច្បាស់ថា តើគុណសម្បត្តិ និងគុណវិបត្តិនៅក្នុងជំនាញនោះមានអ្វីខ្លះ? តើវាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សមឱ្យអ្នកទទួលយកបានដែរឬយ៉ាងណា?

៦. ចូលទៅរៀនថ្នាក់សាកល្បង៖ បើនៅក្នុងករណីអ្នកមានមុខជំនាញណាមួយដែលគ្រោងនឹងចូលរៀនហើយ ជំហានបន្ទាប់គឺចូលទៅរៀនដើម្បីស្វែងរកមុខវិជ្ជា ឬមុខជំនាញដែលស័ក្តិសមជាមួយអ្នក។ នៅក្នុងថ្នាក់នីមួយៗ តែងបង្ហាញពីភាពសំខាន់រៀងៗខ្លួន ប៉ុន្តែការសម្រេចចិត្តថារៀន ឬអត់ វាអាស្រ័យលើអ្នកផ្ទាល់តែម្នាក់គត់។ ដូច្នេះត្រូវមើលឱ្យជាក់ថា តើវាស្របជាមួយនឹងគោលដៅ និងការរំពឹងទុករបស់អ្នកដែរឬទេ?

៧. ពិចារណាអនាគតការងារ និងបង្កើនសក្តានុពល៖ មុខជំនាញនៅសាកលវិទ្យាល័យ មានឱកាសការងារ ភ្ជាប់មកជាមួយស្ទើរតែទាំងអស់ ប៉ុន្តែការស្វែងយល់បន្ថែមនៅតែមានសារៈសំខាន់ ពីព្រោះអ្នកត្រូវចំណាយពេលវេលា ថាមពល និងថវិកាដើម្បីបន្តការសិក្សា និងកែច្នៃការសិក្សាទាំងនោះឱ្យទៅជាអាជីពការងារដើម្បីទទួលចំណូលមកវិញតាមរយៈការប្រឡូកនៅក្នុងការងារ។ ប្រសិនបើអ្នកបានសាកល្បងស្វែងរកអាជីពការងារស្របពេលជាមួយគ្នានោះ សូមកុំរំលងនូវការស្វែងរកសក្តានុពលតាមរយៈការងារទាំងនោះ។ ត្រូវធ្វើឱ្យប្រាកដថា ការងារដែលអ្នកកំពុងតែធ្វើ មិនត្រឹមតែស្របទៅនឹងចំណង់ចំណូលចិត្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានសាងសក្តានុពលគ្រប់គ្រាន់ដើម្បីទទួលបានចំណូលសមរម្យ ដែលឆ្លើយតបនឹងការទូទាត់វិក្កយបត្រនៃការរស់នៅនាពេល   អនាគត។

៨. ពិភាក្សាមុខជំនាញជាមួយមនុស្សដទៃ៖ ការជជែកពិភាក្សាជាមួយអ្នកស្គាល់គ្នាដែលរៀននៅក្នុងសាកលវិទ្យាល័យ ឬរៀមច្បងដែលបានបញ្ចប់ការសិក្សារួចហើយ អំពីអ្វីដែលគេបានធ្វើ ឬអ្វីដែលគេមិនពេញចិត្ត ពេលកំពុងតែសិក្សាជំនាញ។ សួរពីរបៀបដែលគេជ្រើសរើស ឬក៏សួរថាប្រសិនបើគេកំពុងតែស្ថិតក្នុងស្ថានភាពនេះ តើគេនឹងសម្រេចចិត្តយ៉ាងដូចម្តេច ឬតើត្រូវត្រៀមអ្វីខ្លះ? កាលដែលជ្រើសមនុស្សមកពិភាក្សា សូមនិយាយទៅកាន់បុគ្គលដែលមានស្ថានភាព ក្ដីស្រមៃ ចំណូលចិត្តការងារប្រហាក់ប្រហែលគ្នា កាលដែលធ្វើបែបនេះដើម្បីស្វែងរកដំបូន្មានមួយដែលទាក់ទងនឹងចំណង់ចំណូលចិត្តរបស់អ្នក៕

អត្ថបទដកស្រង់ចេញពីគេហទំព័រ៖
https://education.ams.com.kh/life-education/news/8-tips-to-help-you-decide-to-study-at-a-university/

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២

អត្ថបទទាក់ទង