នៅលើភពផែនដីយើងនេះ ពោរពេញទៅដោយផ្ទៃទឹកសមុទ្ររហូតដល់ទៅ៧០% ខណ:ផ្ទៃដីមានតែ៣០%តែប៉ុណ្ណោះ យ៉ាងណាមិញពិភពលោកក៏មាននូវកោះជាច្រើនតូចធំស្ទើររាប់ពុំអស់នៅពាសពេញគ្រប់ទ្វីបទាំង៧។ អូស្ត្រាលី អាចចាត់ទុកជាកោះដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក ដែលមានទំហំរហូតដល់ទៅ ៧,៦៩២,២០២គីឡូម៉ែត្រក្រឡា តែយ៉ាងណាអូស្ត្រាលីត្រូវបានចាត់ទុកជាទ្វីប ដែលតូចជាងគេទៅវិញ ក្នុងចំណោមទ្វីបទាំង៧។ ខាងក្រោមនេះគឺជាកោះទាំង៥ ដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោកគឺ៖
កោះហ្រ្គីនលែន គឺជាកោះធំជាងគេលំដាប់លេខ១ នៅលើពិភពលោក ដែលមានផ្ទៃដីសរុបរហូតដល់ទៅ ២,១៦៦,០៨៦គីឡូម៉ែត្រក្រឡា ជាដែនដីស្វយ័តរបស់ដាណឺម៉ាក។ កោះនេះមានអាកាសធាតុត្រជាក់ខ្លាំង ពោរពេញទៅដោយផ្ទៃទឹកកក អ្នកដែលរស់នៅទីនោះភាគច្រើនគឺជនជាតិដើមភាគតិច Inuit តែប៉ុណ្ណោះ។
កោះញូហ្គីណេ គឺជាកោះធំលំដាប់លេខ២ នៅលើពិភពលោក មានផ្ទៃដីសរុបរហូតដល់ទៅ ៧៨៥,៧៥៣គីឡូម៉ែត្រក្រឡា ក្បែរទ្វីបអាស្ត្រាលី និងត្រូវបានពុះចែកជាពីរផ្នែក ខាងកើតគ្រប់គ្រងដោយប្រទេសប៉ាពូញូគីណេ និងមួយផ្នែកទៀតនៅភាគខាងលិច គ្រប់គ្រងដោយប្រទេសឥណ្ឌូណេស៊ី។
កោះបរណេអូ គឺជាកោះធំជាងគេលេខ៣ នៅលើសាកលលោក មានផ្ទៃដីរហូតដល់ទៅ៧៤៣,៣៣០ គីឡូម៉ែត្រក្រឡា។ កោះដ៏ធំនេះ ត្រូវបានគ្រប់គ្រងដោយប្រទេសចំនួន៣ ក្នុងនោះឥណ្ឌូណេស៊ីគ្រប់គ្រងមួយផ្នែកយ៉ាងធំចំនួន៧៣% ម៉ាឡេស៊ី ២៦% និង ១%ទៀតក្នុងប្រទេសប្រ៊ុយណេ។
កោះម៉ាដាហ្កាស្កា គឺជាកោះដ៏ធំលំដាប់លេខ៤នៅលើសាកលោក ស្ថិតក្នុងមហាសមុទ្រឥណ្ឌា មានទំហំ៥៩២,៨០០គីឡូម៉ែត្រក្រឡា ជាកម្មសិទ្ធរបស់ប្រទេសម៉ាដាហ្កាស្កា។
កោះបាហ្វហ្វីន ជាកោះដែលមានផ្ទៃដីធំលំដាប់លេខ៥ នៅលើសាកលលោកទំហំ៥០៧,៤៥១ គីឡូម៉ែត្រក្រឡា របស់ប្រទេសកាណាដា ពុំសូវមានមនុស្សរស់នោះទេ ព្រោះតែកោះនេះស្ថិតនៅក្បែរតំបន់ប៉ូល មានអាកាសធាតុជាក់ខ្លាំពេក។
ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២