ពិធីជាវខាន់ស្លា ឬកាត់ខាន់ស្លា

 

អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណីក្រោមប្រធានបទ “ពិធីជាវខាន់ស្លា ឬកាត់ខាន់ស្លា”
អត្ថបទដកស្រង់ដោយ : សៀង ម៉េងលី
#MJQE #AmericanInterconSchool

 ពិធីជាវខាន់ស្លា ឬកាត់ខាន់ស្លា គឺជាពិធីមួយដែលគេប្រារព្ធធ្វើឡើងបន្ទាប់ពីពិធីគួចដៃរួច ហើយគេ ធ្វើឡើងដើម្បីសំដៅយកកតញ្ញូតាធម៌ ដែលកូនត្រូវដឹងគុណឪពុកម្ដាយ។ លោកទាំងពីរមាន ព្រហ្មវិហារធម៌ ដូច្នេះកូនត្រូវបាំងឆត្រឱ្យឪពុកម្តាយ និងលើកនំចំណី​ជូនលោកពិសាជាកិច្ចតបគុណ ។ កាលពីដើមដូនតាយើងឱ្យតែឪពុកម្ដាយកូនស្រីទេ ចេញមកអង្គុយលើកម្រាលជ័យបីជាន់ និងឱ្យ កូនស្រីបាំងឆ័ត្រជូនលោកទាំងពីរ។  

បច្ចុប្បន្នយើងឃើញមានកូនប្រុសចេញមកបាំងឆត្រជូនឪពុកម្ដាយរបស់ខ្លួនដែរ។ នៅពេលដែល មាតាបិតាកូនស្រីកាត់ថ្លៃទឹកដោះ ថ្លៃសោហ៊ុយបង់ខាតក្នុងការចិញ្ចឹម​បីបាច់កូនតាំងពីតូចក្រូចឆ្មារ រហូតដល់ពេញវ័យត្រូវរៀបមង្គលការនាថ្ងៃនេះ ហើយនៅក្នុងពិធីមង្គលការនេះទៀត ក៏ខាងស្រី តម្រូវឱ្យ​ខាងប្រុសចេញ​ថ្លៃក្រោម​រូបភាព​ជាវខាន់ស្លា។

តាមទំនៀមទម្លាប់ខ្មែរថ្លៃខាន់ស្លារបស់កូនស្រីក្នុងគ្រួសារនីមួយៗមានការខុសគ្នាគឺ កូនច្បងតម្លៃខ្ពស់ កូនកណ្ដាលទាបបន្តិច ឯកូនពៅតម្លៃស្មើកូនច្បង។ ចំពោះ​ឆាកឈុត​ក្នុងពិធីកាត់ខាន់ស្លា ការកាត់ថ្លៃ និងការស្ម័គ្រជាវប្រព្រឹត្តទៅយ៉ាងរលូននោះ គេត្រូវធ្វើនៅឯល្វែងជ័យ ហើយមាតាបិតាត្រូវអង្គុយ លើកម្រាលយ៉ាងល្អ​ប្រណីត ដោយឪពុកអង្គុយនៅខាងស្ដាំ ម្ដាយនៅខាងឆ្វេង។ ឯសាមីខ្លួនកូនស្រី អង្គុយបត់ជើងបាំងឆត្រជូនអ្នកមានគុណយ៉ាងស្រគត់ស្រគំ និងអាកប្បកិរិយា​គោរព​ឥតខ្ចោះ ដែល ទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីការសម្ដែងនូវកតញ្ញូតាធម៌របស់កូនក្នុងពិធីអាពាហ៍ពិពាហ៍។ ចំពោះ មាតាបិតាដែលខណៈនោះសូរសៀងចាប៉ីដងវែង តាខេ ឬទ្រសោ ប្រគំអមអ្នកច្រៀងដែលមាន សំនៀងដ៏សែនពិរោះក្រអួនក្រអៅបើកបទ រៀបរាប់អំពីប្រវត្តិកំណើតតាំងពីពេលមកចាប់កំណើត ក្នុងផ្ទៃម្ដាយ​ក្នុង​ថ្ងៃ......ខែ......ជាបន្តបន្ទាប់ គឺតាំងពីម្ដាយមានអាការប្រែប្រួលក្នុងខ្លួនយ៉ាងណាខ្លះ ភ័យព្រួយយ៉ាងណាខ្លះ គិតគួរតមអាហារអ្វីខ្លះ រ៉ាប់រងការងារធ្ងន់ស្រាលយ៉ាងណា ត្រូវថ្នាក់ថ្នម របៀបណា ដើម្បីកុំឱ្យមានភយន្តរាយដល់គភ៌ រហូតដល់ផ្ទៃចាស់ខែ ម្ដាយត្រូវព្រួយបារម្ភទៀតគិត ដល់ថ្ងៃឆ្លងទន្លេ តើនឹងអាចជួបជាយថា​ហេតុនឹង​គ្រោះអាសន្ន​យ៉ាងណាខ្លះ រហូតដល់បុត្រកើតមក ហើយ ត្រូវប្រឈមមុខនឹងជំងឺច្រើនបែបយ៉ាងដូចជា ស្កន់ គ្រុនរងា រាករូស...ជាដើម គឺលោកតែង តែគិតគូដល់សុខភាពកូន ពីជីវិតរបស់កូន ពីការបង្ហាត់បង្រៀនឱ្យកូនចេះអង្គុយ រៀនដើរ រៀន និយាយ និងភ័យបារម្ភខ្លាចកូនជួប​នឹងគ្រោះថ្នាក់ដោយចៃដន្យ​ណាមួយ។ លុះដល់កូនធំពេញវ័យ ម្ដាយឪពុកភ័យព្រួយខ្លាចកូនមានវិបត្តិផ្សេងៗដូចជា ទំនាក់ទំនងក្នុងបញ្ហាស្នេហា ដោយលោកខិតខំ
ការពារ​​រក្សា​កូន​​ឱ្យ​​បានល្អ រហូតដល់ថ្ងៃនេះ (ថ្ងៃរៀបការ) ហើយត្រូវឆ្លើយតបយ៉ាងណាទៅនឹងម្ដាយ វិញ? ទាំងអស់នេះគ្មានអ្វី​ក្រៅពីការពញ្ញាក់ស្មារតី​កូនឱ្យនឹក​អាណិតអាសូរមាតាបិតាវិញឱ្យបាន សក្ដិសម ហើយធ្វើតបទៅលោកវិញឱ្យស្មើ ឬលើសពីគុណូបការៈរបស់លោកទាំងពីរ។

ក្រោយពេលដែល​ស្ដេច ពញាយ៉ាត បានចេញបញ្ជាដល់ពលរដ្ឋខ្មែរជំនាន់នោះបានអនុវត្តតាម ដោយនៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍​របស់កូនប្រុសស្រី​គេ​មិន​ដែលរំលងកម្មវិធីកាត់ខាន់ស្លានេះឡើយ។ ការផ្ដល់តម្លៃឱ្យខ្លួនឯងតាមរយៈអំពើល្អ និងសកម្មភាពថ្លៃថ្នូរតាមឱវាទ ទាំងកាយ វាចា ចិត្ត នឹងនាំមកនូវសេចក្ដីសុខ!

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖

https://www.google.com/search?client=firefox-b-d&q=អត្ថន័យពិធីកាត់ខាន់ស្លា

 

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង